(សៀមរាប)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអះអាងថា គិតមកត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី សម្រេចបាន ៣៥ភាគរយហើយ។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ដោយការសាងសង់បានចាប់ផ្តើម ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០មកម្ល៉េ ដោយប្រើប្រាស់រយៈពេល៣៦ខែ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។
លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានការកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុន AIAI ដែលបានធ្វើការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី តាមផែនការ ដែលបានគ្រោងទុក។
លោកក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ មកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៏សង្គមប្រកបដោយចីរភាព។
សូមជម្រាបថា អាកាសយានដ្ឋានអន្តជាតិអង្គរថ្មី ជាការវិនិយោគដោយក្រុមហ៊ុនមកពីខេត្តយូណាន ប្រទេសចិន ក្នុងទឹកប្រាក់៨៨០លានដុល្លារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម នៅលើផ្ទៃដី១៧០០ហិកតា។
ទម្រង់វិនិយោគនៃព្រលានយន្តហោះនេះ គឺ «សាងសង់-អាជីវកម្ម-ផ្ទេរ/BOT» រយៈពេលសម្បទានសរុបចំនួន៥៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៧១។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអន្តរជាតិ ថ្មី (Greenfield) លើផ្ទៃដីទំហំ ៧០០.០៦ ហិកតា និងការកសាងតំបន់សេដ្ឋកិច្ចពិសេសរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មីដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន/Airport City» ដែលមានទំហំដី១០០០ហិកតា៕