(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា (CLUF) បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្តការគំរាមគំហែងជីវិតមនុស្ស និងសេដ្ឋកិច្ចនៅលើពិភពលោក មិនទាន់ថមថយនៅឡើយ បើទោះមានប្រទេសខ្លះកំពុងតែដំណើរការប្រើប្រាស់វ៉ាក់សាំងការពារការឆ្លងជំងឺនេះក៏ដោយ។
ការលើកឡើងបែបនេះរបស់លោក សោម អូន បានធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលោកបានដឹកនាំក្រុមការងារ ចុះយុទ្ធនាការអប់រំ និងចែកម៉ាស ដល់បងប្អូនកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្គោលដេន ហ្គ្រេស អឹភែរឹល ឯ.ក មានទីតាំងស្ថិតនៅភូមិ អន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវដល់កម្មករ និយោជិតសូមកុំធ្វេសប្រហែស និងត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩។
លោក សោម អូន បានបន្ថែមថា ដោយសារតែប្រមុខដឹកនាំមានវិធានការ និងមានយុទ្ធសាស្ត្រច្បាស់លាស់ប្រកបដោយគតិបណ្ឌិត បានធ្វើឱ្យជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។
មេសហជីពរូបនេះ ក៏បានលើកឡើងថា ជាក់ស្តែងថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងស្វែងរកការបញ្ជាទិញថ្នាំវ៉ាក់សាំងពីបរទេស ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅក្នុងអន្តរកាលនេះ គឺសូមបងកម្មករនិយោជិតទាំងអស់កុំធ្វេសប្រហែសឱ្យសោះ ពីព្រោះជំងឺឆ្លងដ៏កាចសាហាវនេះវាអាចនឹងផ្ទុះឡើងគ្រប់ពេលវេលា។
លោក សោម អូន បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត និងថៅកែរោងចក្របន្តចូលរួមអនុវត្តនូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី និងតាមសេចក្តីណែនាំបន្ថែមរបស់ក្រសួងការងារលេខ១៥៥ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្តីពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស និងវិធានការរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា បន្ទាប់ពីសំណេះសំណាលជាមួយគណៈកម្មាធិការសហជីព ប្រធានក្រុម និងប្រធានផ្នែក លោក សោម អូន និងក្រុមការងារ ព្រមទាំងមន្ត្រីរដ្ឋបាលរោងចក្រ បានអញ្ជើញធ្វើទស្សនកិច្ច និងសួរសុខទុក្ខបងប្អូនកម្មករ នៅតាមសង្វាក់ផលិតកម្ម និងបានចែកម៉ាសមួយចំនួនជូនដល់បងប្អូនកម្មករនិយោជិតដោយទទួលបានគ្រប់ៗ៕