(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីជាប្រពៃណី ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ ដែលឋិតនៅភូមិផងរបងជាមួយ។
តាមរយៈការជួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ ដែលគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារកណ្តាលឡាវ ដឹកនាំដោយលោក Sonexay Sitphaxay ទេសាភិបាលធនាគារកណ្តាលឡាវ ភាគីទាំង២បានប្ដេជ្ញាសហការគ្នា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។
កិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីសំដៅរួមចំណែក ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំនេះភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើស្ថានភាពសេដ្ឋកិច្ច ការដឹកនាំគោលនយោបាយរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ ជាពិសេសគោលនយោបាយ និងវិធានការដែលប្រទេសទាំងពីរអនុវត្ត ក្នុងពេលដែលទទួលរងឥទ្ធិពលអវិជ្ជមាន នៃការរីករាលដាលជំងឺកូវីដ-១៩។
ធនាគារកណ្តាលឡាវ និងធនាគារជាតិនៃកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច តាមរយៈការរក្សាស្ថិរភាពថ្លៃ និងការអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដើម្បីគាំទ្រការផ្តល់សន្ទនីយភាព របស់វិស័យធនាគារ ចំពោះសកម្មភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះធនាគារកណ្តាលទាំងពីរ ក៏បានចូលរួមក្នុងការជួយសម្រាលបន្ទុក របស់ប្រជាជនក្រីក្រ និងក្រុមហ៊ុន-សហគ្រាស ដែលទទួលរងការធ្លាក់ចុះចំណូល ដោយបានបន្ធូរបន្ថយបញ្ញត្តិកម្មមួយចំនួន ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញបាន។
ទន្ទឹមនេះធនាគារកណ្តាលទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែកពង្រឹងសមត្ថភាពជំនាញ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងជំនាញ និងពង្រឹងការអភិវឌ្ឍវិស័យធនាគារ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា បច្ចុប្បន្នធនាគារពាណិជ្ជខ្មែរចំនួន២ មានវត្តមាននៅប្រទេសឡាវ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ធនាគាររកណ្តាលឡាវបានវាយតម្លៃខ្ពស់ ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងប្រសិទ្ធភាពនៃគោលនយោបាយ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។
ធនាគារកណ្តាលឡាវបានថ្លែងអំណរគុណ ដល់ធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់ជំនួយបច្ចេកទេស ដល់ធនាគារកណ្តាលឡាវនាពេលកន្លងមក និងបានស្នើសុំការពង្រីកវិសាលភាពនៃ កិច្ចសហប្រតិបត្តិការបន្ថែម លើការចែករំលែកបទពិសោធន៍លើប្រព័ន្ធទូទាត់ ជាពិសេសប្រព័ន្ធបាគង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោក ជា ចាន់តូ បានអបអរសាទរ ចំពោះរដ្ឋាភិបាលឡាវ និងធនាគារកណ្តាលឡាវ ដែលរក្សាបាននូវមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចវិជ្ជមាន ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណ ដល់ធនាគារកណ្តាលឡាវ ដែលបានជួយគាំទ្រ ដល់ធនាគារពាណិជ្ជកម្ពុជា ដែលកំពុងដំណើរការនៅប្រទេសឡាវ និងកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ព្រមទាំងលើកទឹកចិត្ត ដល់ការធ្វើការចែករំលែកព័ត៌មានចំណេះដឹង និងផ្លាស់ប្តូបទពិសោធន៍តាមរយៈប្រព័ន្ធវីដែអូ ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ មិនទាន់បានបញ្ចប់ការរីករាលដាលនៅឡើយ៕