(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋជាច្រើនបានកំពុងនាំគ្នាទៅធ្វើប្រហុក ផ្អក នៅតាមដងទន្លេសាបទីតាំងដាក់ដាយត្រីនៅក្នុងស្រុកពញាឭ ខេត្តកណ្តាល ខណៈត្រីកំពុងចុះពីបឹងទន្លេសាប។
បើទោះបីរដ្ឋបាលជលផលនាពេលកន្លងទៅបានចេញសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋទៅធ្វើត្រីប្រហុកអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩យ៉ាងណាក្តី តែនៅទីតាំងប្រជាពលរដ្ឋធ្វើប្រហុកផ្អក នៅប្របដងទន្លេសាប ក្នុងស្រុកពញឭ ខេត្តកណ្តាល គេបានសង្កេតឃើញថា ប្រជាពលរដ្ឋហាកមិនបានយកចិត្តទុកដាក់ខ្ពស់លើវិធានការពារការចម្លងជំងឺកូវីដ១៩នោះឡើយ។
ប្រជាពលរដ្ឋដែលនាំគ្នាទៅទិញត្រីធ្វើប្រហុកផ្អក តាមទម្លាប់របស់ពួកគាត់ដូចរាល់ឆ្នាំនោះ មកពីកន្លែងផ្សេងៗគ្នា។ អ្នកខ្លះទៅពីភ្នំពេញ អ្នកខ្លះរស់នៅខេត្តកណ្តាល អ្នកខ្លះមកពីខេត្តកំពង់ស្ពឺ និងអ្នកខ្លះទៀតមកពីខេត្តកំពង់ឆ្នាំងក៏មាន។
តាមការសង្កេតនៅទីតាំងធ្វើប្រហុកផ្អកនោះ មិនសូវមានប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តន៍វិធានការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ បើទោះបីបច្ចុប្បន្នស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា មានសភាពស្ងប់ស្ងាត់យ៉ាងណាក្តី តែក៏នៅតែមានការព្រួយបារម្ភចំពោះការប្រមូលផ្តុំធ្វើប្រហុកផ្អក ដោយខ្វះការអនុវត្តន៍វិធានការពារការចម្លងជំងឺកូវីដ១៩នេះ។
ឃើញទិដ្ឋភាពបែបនេះរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានសម្តែងការព្រួយបារម្ភផងដែរ។ ក្នុងដំណើរចុះពិនិត្យការចាប់ត្រីធ្វើប្រហុកផ្អកនៅស្រុកពញាឭ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក វេង សាខុន បានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋទៅធ្វើប្រហុកផ្អក ឱ្យយកចិត្តទុកដាក់លើអនាម័យ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការចម្លង និងរីករាលដាលជំងឺកូវីដ១៩។
នៅទីតាំងនោះ គេក៏ហាក់មិនឃើញមានអាជ្ញាធរទៅសម្របសម្រួល ឬអប់រំពីវិធានការពារជំងឺកូវីដ១៩ ដល់ពលរដ្ឋទៅធ្វើប្រហុក និងផ្អកនៅទីតាំងនោះឡើយ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តកណ្តាល ជួយចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់ និងបង្ការការចម្លងកូវីដ១៩ ជាយថាហេតុណាមួយ៕