(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រៀងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញ ដល់ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យអនុវត្តគម្រោងនីមួយៗ ឱ្យចប់តាមការកំណត់បន្តការអភិវឌ្ឍជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកអភិបាលខេត្តបានថ្លែងថា លទ្ធផលសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគឃុំ-សង្កាត់ ក្រុង-ស្រុកទទួលបានការគាំទ្រសរុប ២៣៧៤គម្រោងស្មើនឹង៤៨ភាគរយ នៃគម្រោងស្នើឡើងចំនួន ៤៩១៣គម្រោង ក្នុងនោះមានមន្ទីរអង្គភាពគាំទ្របានចំនួន ២២២៤គម្រោង និងអង្គការសង្គមស៊ីវិលគាំទ្របានចំនួន ១៥០គម្រោង។
ដោយឡែក គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន៣៩គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៣៥៥៤០ លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៣ គម្រោង ដែលត្រូវចំណាយថវិកាចំនួន ១ ៥៦៧ ០៣៨ លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២១។
លោកអភិបាលខេត្តបានថ្លែងបន្តថា ការរៀបការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០២១-២០២៣ )នេះ ពិតជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ អាណត្តិទី ៦ របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្ត្រ អភិវឌ្ឍជាតិយ៉ាងពិតប្រាកដ។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមការងារកសាងផែនការខេត្តរដ្ឋបាល ក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ត្រូវត្រៀមខ្លួនចាប់ផ្ដើមដំណើរការប្រមូលតម្រូវការអាទិភាព របស់មូលដ្ឋាននៅចុងខែមករា ដើម្បីដាក់ក្នុងផែនការយុទ្ធសាស្ត្រថវិកាឲ្យទាន់ពេលវេលា ស្របតាមប្រកាសអន្តរក្រសួងលេខ ០១៤៩ ផក.ប្រក ចុះថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០២០ របស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំ បំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់៕