(ភ្នំពេញ)៖ រដ្ឋាភិបាលវៀតណាម បានសន្យាផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឱ្យបានជោគជ័យនូវកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលនឹងធ្វើឡើងនៅឆ្នាំ២០២១ ខាងមុខនេះ ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ជំហរខាងលើបានបង្ហាញឡើងក្នុងឱកាស ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ជាមួយឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីវៀតណាមបានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដែលភាគីកម្ពុជា បានផ្ដល់ដល់ប្រទេសវៀតណាម ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២០ និងបានសន្យាផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំឱ្យបានជោគជ័យនូវកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២១ និងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២»។
នៅក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ភាគីទាំងពីរបានកត់សម្គាល់ឃើញពីមិត្តភាពរឹងមាំជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំងការលើកកម្ពស់បន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានគូសបញ្ជាក់តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូរបស់ថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្តបន្ទាប់ នាពេលកន្លងមក។
ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែលកំពុងខិតខំរក្សាលំហូរពាណិជ្ជកម្មនៃទំនិញឆ្លងកាត់ព្រំដែន និងការវិនិយោគ។ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងការសម្របសម្រួលជំហរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេស នៅក្នុងអាស៊ាន និងអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ដោយសារតែផលវិបាកអាក្រក់ នៃការរីករាលដាលជំងឺកូវីដ១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចការអាស៉ី-អឺរ៉ុបទាំងអស់ បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទៈ ចំពោះសំណើរបស់កម្ពុជា សុំលើកពេលកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១ វិញ។ តាមការគ្រោងទុកនោះ មុនពេលលើកពេលនេះ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវរៀបចំឡើងនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០៕