(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ អមដំណើដោយលោក, លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ និងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀត បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះចំនួន១៧គ្រួសារ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

នាឱកាសនេះដែរលោក ចេង មុនីរ៉ា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ជាពិសេសផ្នែកជីវភាពប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះ គឺសម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយទុកឱ្យពុកម៉ែ បងប្អូនណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាឡើយ។

លោក ចេង មុនីរ៉ា បានឲ្យដឹងថា អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាជនក្រីក្រទាំង១៧គ្រួសារនាពេលនេះ គឺជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕