Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ស្ថាបនាសម្រេចបាន៩០ភាគរយហើយ, ក្រុមការងារកំពុងសម្រុកលាបថ្នាំ

23-12-2020 12:03

(ភ្នំពេញ)៖ របងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ចាប់ពីការាសសាំងតូតាល់ ជិតស្តុប BKC (កាណាឌីយ៉ា) រហូតដល់ស្តុបវត្តនាគវ័ន បានដំណើរការស្ថាបនា លេចចេញជារបងថ្ម បានប្រវែងជាង៤០០ម៉ែត្រ ក្នុងប្រវែងសរុប៦៥០ម៉ែត្រ ហើយមកដល់ពេលនេះ សម្រេចបាន៩០ភាគរយ គឺបានឈានចូលដល់តំណាក់កាល នៃការលាបថ្នាំ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើជាពីរដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការាសសាំងតូតាល់ រហូតដល់ផ្លូវ R៦ (ស្តុបក្តាន់២) មានប្រវែង៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ ហើយក្នុងដំណាក់កាលទី១នេះដែរ។

គិតមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារបងថ្មនេះ ទៅតាមគម្រោងបានសម្រេចជាច្រើនរយម៉ែត្រហើយ គឺបានលេចចេញជារបង (ចាប់ពីការាសសាំងតូតាល់ រហូតដល់ជិតការាសលក់រថយន្ត) ហើយក្នុងប្រវែងនេះ ក្រុមការងារស្ថាបនាសម្រេចបាន៩០ភាគរយហើយ ដោយនៅល្ងាចថ្ងៃទី២២ធ្នូនេះ ក្រុមការងារកំពុង សម្រុកលាបថ្នាំបង្ហើយ។ ចំពោះដំណាក់កាលទី២ នឹងចាប់ផ្ដើមពីផ្លូវ R៦ (ស្តុបក្តាន់២) នេះ រហូតដល់ផ្លូវបត់ទៅវត្តនាគវ័ន ដែលមានប្រវែង៤៣៧ម៉ែត្រ។

មន្ត្រីជំនាញ បានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡា សម្រាប់ថ្មើរជើងនេះ ធ្វើឡើងដើម្បីលើកសោភណភាព រាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ីជាផ្លូវមួយ ដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះ ឲ្យមានសោភណភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ។

គួរំលឹកផងដែរ កាលពីដើមខែកក្កដា ឆ្នាំ២០២០កន្លងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យ មើលស្ថានភាពនៃគម្រោងនេះផងដែរ ដោយបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើរជើង ដូច្នេះយើងនឹងធ្វើឲ្យមានចិញ្ចើមសម្រាប់អ្នកថ្មើរជើង ដើរឲ្យបានស្អាត សមជាទីក្រុងដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា៕