(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោក ផឹង និល បានឲ្យដឹងថា ក្រុមត្រួតពិនិត្យ មន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន៣៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាមួយគ្នានោះ មន្ត្រីការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ក៏បានផ្សព្វផ្សាយ និងចែកស្ទិកគ័រ ដល់អាជីវករ ដើម្បីបានយល់អំពីផលិតផល ដែលសំបកវេចខ្ចប់ មានស្លាកសញ្ញាត្រឹមត្រូវផងដែរ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញ បានរកឃើញទំនិញមានសារធាតុគីមី ដូចជា៖ ពពុះសណ្តែក ចំនួន៧គីឡូក្រាម មានគីមី Borax និងសរសៃគុយទាវ៩គីឡូក្រាម មានសារធាតុគីមី ព្រមទាំងទឹកដោះគោកូនក្មេងម៉ាក់ AD ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ។
លោក ផឹង និល បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕