(បន្ទាយមានជ័យ)៖ បន្លែតាសក់ និងស្ពៃ គឺជាបន្លែមួយប្រភេទដែលមានទីផ្សារល្អ ហើយក៏មិនពិបាកក្នុងដាំដុះ និងថែប៉ុន្មានដែរ ប្រជាកសិករនៅតាមស្រុកស្រែចំការមួយចំនួន បានចាប់យកមុខរបរដាំបន្លែតាសក់ និងស្ពៃនេះសម្រាប់ចិញ្ចឹមគ្រួសារ ដោយឡែកឆ្នាំនេះដោយសារតែប្រទេសជួបវិបត្តិជំងឺឆ្លងកូវីដ១៩ ជាហេតុនាំឲ្យស្ងាត់អ្នកទិញ ទើបបន្លែទាំងនេះទៅលើទីផ្សារមានការជន់ បានធ្វើឲ្យប្រជាកសិករប្រមូលផលបានហើយ ត្រូវលក់ក្នុងតម្លៃថោកពិបាកទទួលយក។
លោកស្រី ទុំ ធឿយ អាយុ៤៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ឆ្នាំនេះការលក់បន្លែតាសក់ចេញនៅក្នុងទីផ្សារមានតម្លៃថោក ខណៈដែលោកស្រី និងក្រុមគ្រួសារ ខំដាំដុះបានផលហើយនោះ។
លោកស្រីបន្ថែមថា ឆ្នាំមុនៗក៏មិនដូចឆ្នាំនេះដែរ តម្លៃតាសក់ថោកហួសសឹងនឹងរកកម្លាំងធ្វើនិងបេះលក់ពុំបាន ដោយឆ្នាំមុនលក់ចេញក្នុង១គីឡូក្រាមតម្លៃ ១,៣០០រៀល តែឆ្នាំនេះបានតែ៤០០រៀល ទៅ៥០០រៀលតែប៉ុណ្ណោះ ដោយសារតែគ្មានឈ្មួញមកទិញ មានតែអ្នកទិញយកទៅលក់ផ្សារក្នុងភូមិម្យ៉ាងវិញទៀត មានឈ្មួញនាំយកមកពីខេត្តផ្សេងៗ មកដាក់លក់ប្រជែងនៅលើទីផ្សារក្នុងខេត្តច្រើន ជាហេតុនាំឲ្យជន់ ណាមួយឆ្នាំនេះជួបវិបត្តិជំងឺឆ្លងកូវីដ១៩ ផងនោះទើប បានជាស្ងាត់គ្មានអ្នកមកទិញបែបនេះ។
ចំណែកប្រជាកសិករដាំស្ពៃឈ្មោះ ស៊ិក សៀក អាយុ៣០ឆ្នាំវិញ ក៏មានការត្អូញត្អែរមិនចាញ់អ្នកដាំត្រសក់ប៉ុន្មានដែរ ដោយលោកបញ្ជាក់ថា ជាធម្មតាឲ្យតែខែកត្តិក រដូវត្រជាក់អាកាសធាតុល្អ គួបផ្សំជាមួយវិបត្តិជំងឺកូវីដ១៩ផង ពិសេសនៅតាមស្រុកភូមិផ្សេងៗដាំកើតព្រមគ្នាផងនោះ ទើបបានជាធូថ្លៃបែបនេះដោយបច្ចុប្បន្នប្រភេទស្ពៃ ក្រញ៉ាញ់ល្អក្នុង១គីឡូក្រាម តម្លៃ៨០០រៀល បើធម្មតា៥០០រៀល។
ជាងនេះទៅទៀត ពួកគាត់បានរៀបរាប់ត្អូញត្អែរអំពីការខាតបង់ក្នុងការដាំដុះ ដោយចំណាយទាំងកម្លាំង សម្ភារ ថវិកាក្នុងការជួលនិងទិញជាជីថ្នាំបាញ់ជាច្រើនផងដែរ ទម្រាំបានផល ហើយនៅពេលទទួលបានផលបែជាមិនមានទីផ្សារ ហើយលក់ក្នុងតម្លៃទាបទៅវិញ។
បើតាមលោក អាង សាស អាជីវករដែលមកទិញយកទៅលក់បន្ត នៅតាមផ្សារក្នុងភូមិបានឲ្យដឹងដែរថា តម្លៃបន្លែតាសក់ និងស្ពៃ ចុះថោកនេះមិនមែនលោកទិញបញ្ចុះ ដោយឯកឯងនោះទេ ដោយសារបន្លែដល់ព្រមគ្នា អ្នកលក់ដូរច្រើន និងជួបវិបត្តិជំងឺឆ្លងកូវីដ១៩ផង ទើបបណ្តាលឲ្យស្ងាត់មិនមានមនុស្សទិញបែបនេះ។
លោកបញ្ជាក់ទៀតថា កាលពីឆ្នាំមុនៗមានតម្លៃខ្ពស់ដោយទិញពីចំការក្នុង ១គីឡូក្រាមតម្លៃ១០០០ ទៅ១២០០រៀល យកទៅលក់បន្តនៅលើទីផ្សារអាចបានតម្លៃ១៥ ០០រៀលឯណោះ តែមកដល់ពេលនេះក្នុង ១គីឡូក្រាម បានត្រឹមតែ៤០០រៀលតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យប្រជាកសិកររងការខាតបង់ និងបាក់ទឹកចិត្តក្នុងការដាំដុះបន្ត ចំណែកលោកជាអ្នកទិញយកទៅលក់បន្តមិនពិបាកនោះទេ ព្រោះលោកទិញតម្រូវទីផ្សារតែប៉ុណ្ណោះ៕