(ភ្នំពេញ)៖ ព្យុះពាក្យរិះគន់បានកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារតែតម្លៃពងទាបានធ្លាក់ថ្លៃ។ ព្យុះពាក្យរិះគន់នេះបានបាញ់ឆ្ពោះចំរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន តែម្តង។

ក្នុងដំណើរចុះពិនិត្យការប្រមូលត្រីប្រហុកតាមដងទន្លេសាបនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក វេង សាខុន មិនទោមនស្សចំពោះការរិះគន់ ចំពោះពាក្យពេចន៍លេបខាយ ឌឺដងមួយចំនួនចំពោះរូបលោកនោះទេ។

លោករដ្ឋមន្ត្រី បានពន្យល់ថា ការជោជន់ពងទា និងរហូតដល់ការធ្លាក់ថ្លៃនេះ បណ្តាលមកពីកត្តាមួយចំនួនដូចជា ការអនុវត្តន៍វិធានការទប់ស្កាត់ការចម្លងកូវីដ១៩ នាំពិធីផ្សេងៗត្រូវបានផ្អាក, តម្រូវការនៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបានកាត់បន្ថយ។ ជាមួយគ្នាក្នុងកំលុងពេលនេះ ត្រីទឹកសាបសម្បូរជាហេតុនាំឱ្យពលរដ្ឋកាត់បន្ថយការហូបពងទាផងដែរ។

ជាមួយនឹងការធ្លាក់តម្លៃពងទានេះ នាំឱ្យមានការលើកឡើងមួយចំនួនថា ការធ្លាក់ថ្លៃព្រោះតែមានការនាំចូលពងទាពីប្រទេសជិតខាង។ ជាពិសេសពីប្រទេសវៀតណាមតែម្តង។

ឆ្លើយតបការលើកឡើងនេះ លោក វេង សាខុន បានអះអាង និងបញ្ជាក់ថា ក្រោយពេលមានការត្អូញត្អែររបស់ប្រជាពលរដ្ឋ លោកបានចាត់មន្ត្រីជំនាញសិក្សាស្រាវជ្រាវភ្លាមពីតម្លៃពងទានៅកម្ពុជា និងនៅវៀតណាម។ តាមការសិក្សាតម្លៃពងទានៅកម្ពុជា និងវៀតណាម ប្រហាក់ប្រហែលគ្នា ហើយវៀតណាមថ្លៃជាងកម្ពុជាបន្តិចផង។

ការលើកហេតុផលបែបនេះ គឺលោករដ្ឋមន្ត្រីចង់គូសបញ្ជាក់ថា មិនមានឈ្មួញណាម្នាក់នាំចូលពងទាពីវៀតណាម មកកម្ពុជា គ្រាដែលតម្លៃប្រហាក់ប្រហែលគ្នាបែបនេះឡើយ។

«អ្វីដែលយើងបានមើលឃើញថា មិនមានបាតុភាពនាំចូលទេ ហើយទន្ទឹមនឹងហ្នឹងយើងក៏បានបញ្ជាក់ថា រដូវត្រីត្រូវផងប្រជាជនកាត់បន្ថយការហូប ហើយទន្ទឹមនឹងនោះអគ្គនាយកដ្ឋានបានប្រកាសជូនថា ក្នុងករណីប្រជាជនណាពិនិត្យឃើញថា មានការនាំចូលដោយខុសច្បាប់ត្រូវរាយការណ៍ជាបន្ទាន់មកអគ្គនាយកដ្ឋានផលិតកម្មសត្វ សុខភាពសត្វនេះជាបន្ទាន់»។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម។

លោករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកចិញ្ចឹមទាយកពងរាយការណ៍ជូនក្រសួងកសិកម្ម ដើម្បីចុះទៅចាប់ក្រុមឈ្មួញដែលលួចនាំពងទាចូល ព្រោះក្រសួងមិនមានអនុញ្ញាតឱ្យឈ្មួញនាំពងទាចូលនោះឡើយ។

លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ «ខ្ញុំគិតថាមិនមានទេ ក្នុងករណីមាន ហើយឃើញជាក់ស្តែងរាយការណ៍បន្ទាន់មកតាមលេខទូរស័ព្ទដែលយើងបានប្រកាស។ យើងនឹងទៅចាប់ ឬសួរនាំថា មានការអនុញ្ញាតពីអង្គភាពណា ឬក៏ពីក្រសួងណា?»