Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំង៖ បុគ្គលដែលបានបិទផ្លូវសាធារណៈជិត៥គីឡូម៉ែត្រ នៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ក្រោមបណ្តឹងរបស់ប្រជាពលរដ្ឋ៣ភូមិ នឹងត្រូវចាត់វិធានការតាមច្បាប់ (Video inside)

23-12-2020 11:15

(កំពង់ឆ្នាំង)៖ ទាក់ទងទៅនឹងបណ្ដឹងសុំបើកផ្លូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបំភ្លឺរបស់អាជ្ញាធរស្រុកទឹកផុស ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយពីក្រុមអ្នកសារព័ត៌មានបានធ្វើការសួរនាំដេញដោលក្នុងពេលបង្ហាញទីតាំងប្លង់ដីជាង ៩៥ហិកតារបស់លោក ខូវ គាត នៅក្នុងប្លង់សុរិយោដីស្រុករួចមក លោក កុយ សារ៉ន អនុប្រធានការិយាល័យភូមិបាលស្រុកទឹកផុស បានបញ្ជាក់ថា លោក ខូវ គាត មានទីលំនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក មានប្លង់ដីកម្មសិទ្ធិចំនួ ១៥២ប័ណ្ណ គឺពិតជាបានបិទផ្លូវសាធារណៈក្នុងភូមិខ្វិតទួលឃ្លាំងជាង ៤គីឡូម៉ែត្រពិតមែន ដែលផ្លូវនោះមានទទឹង ៥ម៉ែត្រ។

ករណីដែលលោក ខូវ គាត បានបិទផ្លូវសាធារណៈ ដែលមានទទឹង៥ម៉ែត្រ និងបណ្ដោយជិត៥គីឡូម៉ែត្រខាងលើនេះ ក្នុងពេលខាងមុខឆាប់ៗនេះ មន្ត្រីជំនាញនឹងឱ្យលោក ខូវ គាត បើកផ្លូវនេះឡើងវិញដោយស្វ័យប្រវត្តិ បើពុំនោះទេមន្ត្រីជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់។

ដោយឡែកលោក សុខ សុន្ធី អភិបាលរងស្រុកទឹកផុស ដែលជាប្រធានដឹកនាំការជជែកដេញដោលរឿងដីធ្លីខាងលើនេះជាមួយក្រុមអ្នកសារព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំនៅសាលាឃុំក្បាលទឹក លោកមេភូមិទាំង៣ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តំណាងប្រជាពលរដ្ឋ ៣ភូមិ ដែលបានដាក់ពាក្យប្តឹងសុំបើកផ្លូវនោះ គឺពួកគាត់បានមកសុំបញ្ចប់ដកពាក្យបណ្តឹងវិញដោយខ្លួនឯង ហើយក្រុមការងារដោះស្រាយថ្នាក់ស្រុក ដែលដឹកនាំដោយលោកអភិបាលរងស្រុកផ្ទាល់ គឺបានសម្របសម្រួលបញ្ចប់រឿងតាមសំណូមពររបស់ពួកគាត់រួចរាល់ផងដែរ។

ក្រោយពីក្រុមការងារចម្រុះ បានបញ្ជាក់ថា ផ្លូវដែលសុំបើកនោះជាផ្លូវទ័ល មិនអាចទំលាយបើកទៅកាន់ផ្លូវលេខ៥៣បាន ព្រោះបានប៉ះពាល់ដីកម្មសិទ្ធប្រជាពលរដ្ចចំនួន ៥ប័ណ្ណផ្សេងទៀត ដូច្នេះបើចង់បើកទាល់តែមានការចរចា ឬទិញដូរ និងយល់ព្រមពីម្ចាស់ក្បាលដី ៥បណ្ណ័ខាងលើនេះសិន។

ដោយឡែកករណីដីផ្លូវសាធារណៈ ដែលនិស្សិតបានវាស់វែងទុកឱ្យនោះ គឺជាផ្លូវទាល់ ប៉ុន្តែបើប្រជាពលរដ្ឋចង់ស្នើសុំឲ្យបើកផ្លូវនេះឡើងវិញ ត្រូវដាក់ពាក្យបណ្ដឹងជាថ្មីដើម្បីសុំបើកផ្លូវខាងលើនេះ ដែលលោក ខូវ គាត បានបិទនោះ គឺគ្មានបញ្ហាទេ ហើយអាជ្ញាធរនឹងចាត់ការតាមនីតិវិធី។

ចំណែកលោក ខូវ គាត ដែលប្រជាពលរដ្ឋបានអះអាងថា បានបិទផ្លូវសាធារណៈជិត ៥គីឡូម៉ែត្រខាងនេះ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូនេះ លោកបាននិយាយតាមទូរស័ព្ទឲ្យក្រុមអ្នកយកព័ត៌មានដឹងថា គាត់ពិតជាបានបិទផ្លូវលេខ០១ ដែលក្រុមនិស្សិតវាស់វែងទុកនៅក្នុងប្លង់ដីរបស់គាត់មែន គឺផ្លូវនោះមានប្រវែងប្រមាណពី ៥០០ ទៅ៦០០ម៉ែត្រតែប៉ុណ្ណោះ ដែលផ្លូវនោះជាផ្លូវទ័ល ពុំមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវលេខ៥៣ បាននោះឡើយ។ លោកបន្តថា ទោះបីជាផ្លូវនេះត្រូវបើក ក៏មិនដឹងបើកទៅតាមណាដែរព្រោះវាជាផ្លូវទ័ល។

សូមបញ្ជាក់ថា តាមបណ្ដឹងចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ របស់ប្រជាពលរដ្ឋ ចំនួន៣ភូមិនៅក្នុងឃុំអមលាំង បានបញ្ជាក់ថា លោក ខូវ គាត បានបិទផ្លូវសាធារណៈក្នុងភូមិខ្វិតទួលឃ្លាំង ជិត៥គីឡូម៉ែត្រ អស់រយៈពេលជាង៥ឆ្នាំមកហើយ ដែលក្រុមនិសិ្សតបានវាស់វែងទុកឲ្យ។ ដូចនេះទើបពួកគាត់សុំអន្តរាគមន៍ ដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យបើកផ្លូវខាងលើនេះវិញ បើដោះស្រាយមិន បានពួកគាត់នឹងស្នើសុំទៅថ្នាក់លើជាបន្ត ទៀត។

ដោយឡែកលោក លី សុភា ប្រធានមន្ទីរសូរិយោដីខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា ករណីដីផ្លូវសាធារណៈរបស់រដ្ឋ ដែលត្រូវបានវាស់វែងទុកជាផ្លូវសាធារណៈ គឺមិនអាចបុគ្គលណាទៅរំលោភបំពានបានឡើយ ជាគោលការត្រូវតែរក្សាទុកផ្លូវជាសម្បត្តិសាធារណៈ។ ដូច្នេះប្រសិនបើដីខាងលើនេះ ត្រូវបានក្រុមនិស្សិតវាស់វែងទុកជាផ្លូវសាធារណៈពិតមែនោះ ត្រូវតែបើកផ្លូវនោះឡើងវិញជាស្វ័យប្រវត្តិ៕