ពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីថៃតាមច្រកអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធររឹតបន្តឹងជាខ្លាំង ដោយត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាកំហិត
23-12-2020 11:10
(បន្ទាយមានជ័យ)៖ ក្រោយពីទទួលព័ត៌មានថា មានពលករចំណាកស្រុក ដែលចូលទៅធ្វើការនៅប្រទេសថៃ បាននាំគ្នាសម្រុកមកតាមច្រករបៀងអូរបីជាន់ ត្រូវបានអាជ្ញាធរសមត្ថកិច្ចក្រុងប៉ោយប៉ែត បានចុះសួរសុខទុក្ខ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយសារប្រទេសថៃ នៅក្នុងខេត្តសាមុទ្រសាខន ផ្ទុះឡើងវិញនូវជំងឺឆ្លងកូវីដ១៩ ដែលជាក្តីបារម្ភ និងក្រោយ ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ប្រមុខថ្នាក់រាជរដ្ឋាភិបាលកម្ពុជា, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត/ក្រុង ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នខេត្ត/ក្រុង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យ មើលនូវស្ថានភាពទូទៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថែ។
ជាពិសេសនៅច្រកអូរបីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យតែម្តង ដើម្បីដាក់វិធានការបន្ថែម ក្នុងការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ឲ្យបានហ្មត់ចត់តឹងរឹងបំផុត ដោយត្រួតពិនិត្យវាស់កំដៅ រួចបញ្ជូនទៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត ដើម្បីធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវតាមវិធានការ របស់ក្រសួងសុខាភិបាល។
បើតាមក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញ ដែលប្រចាំការនៅចំណុចខាងលើ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីសម្តេចតេជោរួចមក មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បានរឹតបន្តឹងបំផុត នៅពេលដែលពួកកាត់ចេញពីទឹកដីថៃ មិនអនុញ្ញាតឲ្យពួកគាត់ចេញទៅណាបាត់មួយនាក់នោះទេ ដោយធ្វើការពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
មន្ត្រីជំនាញដដែរបន្តថា ប្រជាពលរដ្ឋដែលចេញពីទឹកដីថៃ ក្រោយពិនិត្យរួចត្រូវបានបញ្ជូន ទៅកន្លែងពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅចំនួន៤ទីតាំង ដែលអាជ្ញាធរខេត្ត និងក្រុងបានរៀបចំរួចជាស្រេចរួមមាន ទី១៖ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី),ទី២៖ មណ្ឌលសុខភាពប៉ោយប៉ែត១, ទី៣៖ សាលាព្រហ្មនិមិត្ត និងទី៤៖ សាលាវិទ្យាល័យនិមិត្តថ្មី។
មន្ត្រីជំនាញបញ្ជាក់ថា ពលរដ្ឋដែលចេញមកពីទឹកដីថៃ រយៈពេលកន្លងមកក៏ដូចជាពេលនេះ សុទ្ធសឹងតែជួបបញ្ហាដោយសារដាច់ប៉ាស្ព័រ, អត់មានការងារធ្វើ និងមានធុរៈក្នុងគ្រួសារ។
ចាប់តាំងពីកើតមានវិបត្តិជំងឺកូវីត១៩ រយៈពេលជិត១ឆ្នាំមក ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអូរបីជាន់ សរុបប្រមាណជា៦ម៉ឺននាក់ តែនូវមិនទាន់មាន អ្នកកើតជំងឺឆ្លងនេះនៅឡើយទេ សម្រាប់ក្នុងខេត្តបន្ទាយមានជ័យ៕