(ភ្នំពេញ)៖ ពេញមួយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ អគ្គិភ័យកើតឡើងជាបន្ដបន្ទាប់ ចំនួន៦ករណី នៅរាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា អគ្គិភ័យកើតឡើងទាំង៦ករណីនោះរួមមាន៖
*លើកទី១៖ កើតឡើងនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឆេះបំផ្លាញទីតាំងអុចធូកអសនៈ មិនបណ្ដាលឲ្យរីករាលដាលក្នុងបរិវេណផ្ទះកើតហេតុនោះឡើយ
*លើកទី២៖ កើតឡើងនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឆេះបំផ្លាញទីតាំងអុចធូកសែនអសនៈ ប៉ុន្ដែម្ចាស់ផ្ទះអាចពន្លត់បានដោយខ្លួនមិនរីករាលដាលនោះទេ
*លើកទី៣៖ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឆេះផ្ទះថ្មក្រោមឈើលើ ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ដោយឆេះបំផ្លាញ ពូកចំនួនមួយ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ចំពោះមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ក្នុងនោះប្រើប្រាស់រថយន្តចំនួន៤គ្រឿង, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តរបស់សាលាខណ្ឌឫស្សីកែវ ១គ្រឿងពុំបានប្រើប្រាស់។
*លើកទី៤៖ កើតឡើងនៅតាមបណ្តោយផ្លូវលេខ៥២៨ កែងផ្លូវ៣៣៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឆេះបំផ្លាញខ្សែភ្លើង និងបង្គោលភ្លើង។ ចំពោះមូលហេតុ ផ្ទុះសេខ្សែភ្លើង ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង។
*លើកទី៥៖ កើតឡើងនៅតាមផ្លូវលេខ៥២៨ កែងផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឆេះបំផ្លាញខ្សែភ្លើង និងបង្គោលភ្លើង។ ចំពោះមូលហេតុ ផ្ទុះសេខ្សែភ្លើង ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង។
*លើកទី៦៖ កើតឡើងនៅខាងក្រោយវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយនៅក្នុងករណីនេះបានបណ្តាលឲ្យមនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងមនុស្សប្រុស-ស្រី២នាក់រងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈមនុស្សស្រី៣នាក់ ទៀតរងរបួសស្រាល។
ចំពោះមូលហេតុបណ្តាលមកពីការផ្ទុះធុងហ្គាស ក្នុងនោះប្រើប្រាស់រថយន្តចំនួន៨គ្រឿង ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៧គ្រឿង និងរថយន្តរបស់ផ្សារអូឡាំព្យា ចំនួន១គ្រឿង។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសរដូវធ្លាក់ខ្យល់នេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះភ្លើងធូប ភ្លើងទៀន និងប្រព័ន្ធអគ្គិសនី ឲ្យបានត្រឹមត្រូវមុនចាកចេញពីផ្ទះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ប្រសិនបើមានករណីគ្រោះអគ្គិភ័យកើតឡើង សូមប្រជាពលរដ្ឋរាយការណ៍មកកាន់លេខទូរស័ព្ទបន្ទាន់ 666 មន្ត្រីជំនាញនឹងចេញប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗតែម្តង៕