(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ជាការចាប់ផ្ដើម លោករដ្ឋមន្ដ្រី និងលោកឯកអគ្គរាជទូត បានពិភាក្សាលើវិបិត្តកូវីដ-១៩ ដែលមានផលប៉ះពាល់កន្លងមកដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនគ្រប់គ្នា និងបានអបអរសាទលើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិក ក្នុងខែវិច្ឆិកាកន្លងមក។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្ដី បានស្នើឲ្យភាគីអូស្ដ្រាលី ផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី និងស្នើសុំឲ្យភាគីអូស្ដ្រាលី បន្ដគាំទ្រផ្ដល់អាហារូបករណ៍ជូនកម្ពុជា។ លោករដ្ឋមន្ដ្រី ក៏បានអញ្ជើញក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីទាំងឡាយ មកវិនិយោគនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានជម្រាបលោករដ្ឋមន្រ្ដី ថាអូស្រ្ដាលី នឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាក់ ក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ៦០ភាគរយ។
លោកឯកអគ្គរាជទូត ក៏បានជម្រាបរដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ នូវគម្រោង CAVAC ដែលភាគីអូស្រ្ដាលីបានគាំទ្រ ដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ២,០០០នាក់ ក្នុងវិស័យអេឡិចត្រូនិច ដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។
ក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្ដី បានជម្រាបជូនឯកអគ្គរាជទូត នូវកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា Go4eCam ដែលក្រសួងពាណិជ្ជកម្ម បានបង្កើតឡើង ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។ ជាមួយនេះដែរ លោករដ្ឋមន្រ្ដី បានជំរុញឲ្យសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ៕