(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់អណត្តិ បេសកកម្មការទូតនៅកម្ពុជា។
ជាការចាប់ផ្ដើម លោកឯកអគ្គរដ្ឋទូត បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនានា ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសដៃគូ។ លោកក៏បានលើកឡើង អំពីការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងសិង្ហបុរី ជាសមាជិក។
ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា កម្ពុជា និងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែមានការបើកជំហរសេដ្ឋកិច្ចដូចគ្នា។ លោកបានអះអាងថា សិង្ហបុរី និងកម្ពុជា នឹងរួមសហការគ្នាបង្កើតមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ បានថ្លែងថា កម្ពុជា និងសិង្ហបុរី ជាមិត្តជិតស្និត ហើយតែងតែរួមសហការគ្នា ដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រប់វេទិកាទាំងអស់ ទាំងនៅអង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាស៊ាន និងវេទិកាផ្សេងៗ ទៀតជាដើម។ លោកបានបន្ថែមថា កន្លងមកក្រសួងពាណិជ្ជកម្ម ក៏បានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហា ដែលធុរជនសិង្ហបុរីជួបប្រទះកន្លងមកផងដែរ។
លោកឯកអគ្គរដ្ឋទូត បានស្នើសុំលោករដ្ឋមន្រ្ដីបន្ដការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលមកកាន់អណត្តិថ្មី ហើយលោករដ្ឋមន្រ្ដី បានជម្រាបជូនវិញថា នឹងបន្ដសហការជាមួយអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាថ្មី ដោយក្រសួងពាណិជ្ជកម្មកន្លងមក មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយប្រទេសសិង្ហបុរីកន្លងមក ដើម្បីជុំរុញកិច្ចសហប្រតិបត្តទ្វេភាគីរវាងប្រទេសទាំងពីរបន្ដទៀត។
រដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ ក៏បានជូនពរឯកអគ្គរដ្ឋទូត Michael Tan Keng Siong បន្ដទទួលបានជោគជ័យថែមទៀត នៅក្នុងភារកិច្ចថ្មីរបស់លោក៕