(ភ្នំពេញ)៖ ក្រុមកីឡាសីប៉ាក់តាក្រ និង Chinlone ជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ Asian Chinlone Champianship លើកទី២ ដែលរៀបចំនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។
កីឡាការិនី ងួន ច័ន្ទបូរី បានឲ្យដឹងពីប្រទេសមីយ៉ាន់ម៉ាថា នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា បានបញ្ចប់ការប្រកួតលើវិញ្ញាសាកីឡា Chinlone ហើយ ដោយក្នុងនោះលទ្ធផល គឺក្រុមកីឡាករកម្ពុជា ដណ្ដើមបានមេដាយមាស ក្រោយប្រកួតឈ្នះក្រុមកីឡាករកូរ៉េខាងត្បូង និងក្រុមកីឡាករជម្រើសជាតិឥណ្ឌា ។ រីឯក្រុមកីឡាការិនី Chinlone កម្ពុជា គឺដណ្ដើមបានមេដាយសំរឹទ្ធ ។
កីឡាការិនីជម្រើសជាតិរូបនេះដដែល បានបន្ដថា ទោះជាយ៉ាងការប្រកួតមិនទាន់បញ្ចប់ទាំងស្រុងនោះទេ ពោលគឺនៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ ក្រុមកីឡាការិនីកម្ពុជា នឹងធ្វើការប្រកួតលើវិញ្ញាសាប្រភេទកីឡាសីប៉ាក់តាក្រវិញម្ដង ។ រីឯក្រុមកីឡាករកម្ពុជាវិញ បន្ទាប់ពីឈ្នះមេដាយមាស លើវិញ្ញាសាកីឡា Chinlone ហើយនោះ ពួកគេត្រូវធ្វើការប្រកួតលើវិញ្ញាសាកីឡាសីប៉ាក់តាក្រវិញម្ដង ពោលគឺពួកគេនឹងធ្វើការប្រកួតនៅថ្ងៃទី១៧ ខែកុម្ភៈស្អែកនេះ ។
គួរបញ្ជាក់ថា នេះគឺជាមោទនៈភាពមួយ សម្រាប់ក្រុមកីឡាសីប៉ាក់តាក្រ និង Chinlone ជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានជ័យលាភីមេដាយមាស ក្នុងការប្រកួតកម្រិតអន្ដរជាតិខាងលើ ដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់ពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា ៕