(ភ្នំពេញ)៖ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងចំនួន ៧គោលដៅទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់នេះ បានបង្ហាញថាប៉ុស្តិ៍ត្រួតពិនិត្យ ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ស្ថិតក្នុងខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌទួលគោក, ខណ្ឌឫស្សីកែវ និង២គោលដៅទៀតនៅជាយក្រុងភ្នំពេញ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកបើកបរស្រវឹងចំនួន១៤នាក់ ជាមួយនឹងការផាកពិន័យយានយន្តល្មើសចំនួន ៣១១គ្រឿង ក្នុងប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹង នេះបើយោងតាមរបាយការណ៍លទ្ធផល នៃការត្រួតពិនិត្យរបស់នគរបាលចរាចរណ៍។
ក្នុងចំណោម ១៤នាក់នោះ មានអ្នកបើកម៉ូតូចំនួន៩នាក់ អត្រាជាតិអាល់កុលពី ០.៤៧ ដល់ ១.០៣ MgL/ខ្យល់ និងអ្នកបើកបររថយន្ត៥នាក់ អត្រាជាតិអាល់កុល ០.៥៧ ដល់ ១.០៤ MgL/ខ្យល់។
យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕