(ភ្នំពេញ)៖ យុវជន គង់ រ៉ៃយ៉ា បានចេញមកបញ្ជាក់ជាថ្មីថា រូបគេពិតជាបានគេចវេស និងមិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាលនោះឡើយ ពេលត្រឡប់មកពីប្រទេសថៃវិញ។

យុវជន គង់ រ៉ៃយ៉ា ដែលគេស្គាល់ជាអ្នកគាំទ្របក្សប្រឆាំងផ្តាច់ផ្តិលមួយរូប ត្រូវបានអាជ្ញាធរនាំខ្លួនជាមួយភរិយាយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែក្រោមកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

ការនាំខ្លួនទៅធ្វើចត្តាឡីស័កនេះ បន្ទាប់ពីអាជ្ញាធរទទួលបានព័ត៌មានថា យុវជនរូបនេះត្រឡប់ពីប្រទេសថៃ ហើយមិនអនុវត្តន៍តាមវិធានក្រសួងសុខាភិបាល គឺការធ្វើចត្តាឡីស័ក១៤ថ្ងៃ។

ក្រោយអាជ្ញាធរនាំទៅធ្វើចត្តាឡីស័ក យុវជនរូបនេះនៅថ្ងៃទី២១ ខែធ្នូ បានផ្សាយលើទំព័រ Facebook ចោទប្រកាន់អាជ្ញាធរថា មានចេតនាធ្វើបាបរូបគេដោយយកលេស អនុវត្តន៍វិធានសុខាភិបាលប្រឆាំងជំងឺកូវីដ១៩។ យុវជនរូបនេះថែមទាំងបានអះអាងរូបគេពេលត្រឡប់មកពីប្រទេសថៃនោះបានធ្វើតេស្តសុខភាពរួចហើយ។

លុះនៅថ្ងៃទី២២ ខែធ្នូ យុវជនរូបនេះបានលុបវីដេអូដែលរូបគេផ្សាយលើ Facebook ហើយបានសារភាពថា រូបគេមិនបានធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កពេលត្រឡប់ពីថៃវិញនោះឡើយ។

រ៉ៃយ៉ា បានសរសេរបញ្ជាក់ដូច្នេះ «ខ្ញុំ គង់ រ៉ៃយ៉ា សូមអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលខ្ញុំបានត្រឡប់មកពីប្រទេសថៃ តាំងពីថ្ងៃទី០១ វិចិ្ឆកា ២០២០ មកម្ល៉េះ ក៏ប៉ុន្តែខ្ញុំបាទមិនបានចូលខ្លួនធ្វើចត្តាឡីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមទីតាំងធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខាភិបាល»

យុវជនដែលធ្លាប់ជាប់ពន្ធនាគារ ព្រោះធ្វេីសកម្មភាពផ្ទុយនឹងច្បាប់រូបនេះបន្តថា «ខ្ញុំពិតជាមានការសោកស្ដាយចំពោះកំហុសឆ្គងខាងលើនេះ និងសូមសំណូមពរបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសក្រៅ សូមចូលរួមអនុវត្តន៍គោលការធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ ដើម្បីការពារសុខភាពរបស់ខ្លួនឯងនិងអ្នកដទៃ»