(ភ្នំពេញ)៖ បុរសជាកូនមិនដើរតាមគន្លងធម៌ចិត្តខ្មៅម្នាក់ បានសងគុណអ្នកម្តាយរបស់ខ្លួន ដោយប្រើហិង្សា វាយម្ដាយខ្លួនឯងទាល់តែសន្លប់ ព្រមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ នៅក្នុងផ្ទះយ៉ាងច្រើនទៀតផង ប៉ុន្តែលទ្ធផលត្រូវជាប់ខ្នោះរបស់នគរបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ២៤៨១ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិក សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក អ៉ីវ ឈុនភេង អធិការរងនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បុរសជាកូនឈ្មោះ ឯក វ៉ាន់ដា អាយុ ៣១ឆ្នាំ ចំណែកម្តាយនិងជាជនរងគ្រោះឈ្មោះ ឈឹម សារឿន អាយុ ៦៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ ខាងលើ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរដោយជាំភ្នែក បែកចិញ្ចើម ហូរឈាមដេរជិត១០ថ្នេរ ។
ក្រុមគ្រួសារជនរងគ្រោះបានបង្ហើបថា ការបោក វាយកម្ទេចកម្ទី និងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិផ្សេងៗនៅក្នុងផ្ទះ ព្រមទាំងការជេរប្រមាថអ្នកផ្ទះបានក្លាយទៅជាប្រពៃណីរបស់ជនសង្ស័យរូបនេះទៅហើយ ។
សូមបញ្ជាក់ថា បុរសជាកូននិងជាជនដៃដល់បាន និងកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា ៕