(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង និងសហការី នាំយកថវិកា ជូនក្រុមគ្រួសារលោកអនុសេនីយ៍ទោ យឿង សំអឿន ជំនួយការការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
សកម្មភាពបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយថវិកានោះមានចំនួន ១៩.៩៥០.០០០រៀល។
លោក យឿង សំអឿន បានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០កន្លងមក ក្នុងពេលបំពេញភារកិច្ច។ សព្វថ្ងៃមន្ត្រីអាវុធហត្ថរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បានប្រាប់ឲ្យដឹងថាថវិកាទាំងនេះបានមកពីគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងការចូលរួមជួយឧបត្ថម្ភពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយជំនួយការការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក នាយ នាយរង និងពលអាវុធហត្ថ ខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ។
ក្រុមគ្រួសារលោក អនុសេនីយ៍ទោ យឿង សំអឿន បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន, លោកឧត្តមសេនីយ៍ត្រី ស៊ុនសម្បត្តិ
និងមិត្តភក្តិអាវុធហត្ថទាំងអស់ ដែលបានជួយបរិច្ចាគលុយយ៉ាងសន្ធឹកសន្ធាប់ ឧបត្ថម្ភដល់គ្រួសារលោក ដែលកំពុងជួបទុក្ខលំបាកនេះ៕