(កណ្តាល)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាគមតន្ត្រីសំនៀងជនពិការ ដែល មានសមាជិក-សមាជិកា និងបុគ្គលិក សរុបចំនួន ៥២នាក់ ស្ថិតនៅក្នុងភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ តាមរយៈ លោកស្រី ម៉ែន នារីសោភ័គបានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើឲ្យជនពិការ មានការតស៊ូក្នុងជីវិត ដើម្បីរស់នៅក្នុងសង្គមប្រកបដោយសេចក្ដីថ្លៃថ្នូរ និងស្មើមុខស្មើមាត់ដូច មនុស្សមិនពិការដែរ ។
លោក ចាប់ តូ ពិការភ្នែកទាំងសងខាង តំណាងឲ្យ ជនពិការទាំងអស់ នៃសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងក្តីរំភើបឥតឧបមា បន្ទាប់ពីទទួលបានការផ្តល់ពន្លឺជីវិតថ្មី ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពួកគាត់តស៊ូប្រយុទ្ធនឹងឧបសគ្គនៅក្នុងជីវិត នេះជាកាយវិការដ៏ឧត្តុង្គឧត្តមរបស់សម្តេច ដែលបានយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះសុខទុក្ខ របស់ជនពិការនៅកម្ពុជា។ ជាកិច្ចតបស្នង ពួកគាត់មានតែលើក ម្រាមដៃ១០ប្រណមប្រសិទ្ធពរ និងច្រៀងចម្រៀង ដើម្បីជាចំណងដៃចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារ កាកបាទក្រហមកម្ពុជាទាំងអស់ ។
នេះជាលើកទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា បានយកអំណោយ ទៅប្រគល់ជូនសមាគមតន្ត្រីសំនៀងជនពិការរួមមាន៖ អង្ករ ២តោន មីយើង ២៥កេស ត្រីខ៣កេស ទឹកស៊ីអ៊ីវ ១២ដប ទឹកត្រី ១២ដប ប្រេងឆា ២កេស ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ៦កេស ប្រេងកូឡា១កេស សាប៊ូកក់សក់ ៥កេស ម្សៅសាប៊ូ ៣កេស និងថវិកា ៥លាន រៀល សម្រាប់មណ្ឌល និងម្នាក់ៗទទួល បានថវិកា ៥ម៉ឺនរៀល មុង១ ភួយ១ សារ៉ុង ១ និងក្រម៉ា១ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៥ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ចំនួន៥ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ មជ្ឈមណ្ឌលថ្មី ជូនសមាគម តន្ត្រីសំនៀងជនពិការ ដើម្បីឲ្យបងប្អូនជន ពិការយើងរស់នៅបានសមរម្យ និងមាន កន្លែងសម្រាប់បណ្តុះបណ្តាលជំនាញផ្សេងៗ ដូចជា តន្ត្រី បង្រៀនម៉ាស្សា អក្សរប្រ៊ែល និងល្ខោនអប់រំ៕