(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចលើកពេលរៀបចំពិព័រណ៍ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០ នៅបន្ទាយមានជ័យ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ។ នេះបើយោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ផ្ញើទៅអភិបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។
ការលើកពេលរៀបចំពិព័រណ៍ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០ នៅបន្ទាយមានជ័យ ដោយសារតែព្រឹត្តិការណ៍ ២៨ វិច្ឆិកា បានធ្វើឲ្យមានការផ្ទុះឡើងសាជាថ្មីនូវការឆ្លងជំងឺកូវីដ-១៩ ដល់សហគមន៍ និងរីករាលដាលដល់រាជធានី-ខេត្តមួយចំនួន។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះឲ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនឯកឧត្តមអភិបាលខេត្តជ្រាបថា ពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលក្រសួងគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានលើកពេលរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី»៕