(ស្វាយរៀង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី រួមសកម្មភាពដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រី អមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត បានអញ្ជើញក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ជូនដល់ប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់ព្យុះចំនួន ៣៥ គ្រួសារ រស់នៅក្នុងស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ពីសំណាក់លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធ និងប្រជារាស្ត្រក្នុងមូលដ្ឋាននេះ។

លោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប បានថ្លែងសុន្ទរកថាស្វាគមន៍ថ្វាយព្រះពរ និងថ្លែងអំណរព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយព្រះករុណា និងសម្តេចព្រះមហាក្សត្រី ដែលព្រះអង្គមានព្រះរាជហឫទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏ថ្លៃថ្លាបំផុតក្នុងព្រះរាជកិច្ចបន្តរួមសុខរួមទុក្ខជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គរស់នៅក្នុងស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដែលកំពុងជួបប្រទះនូវការលំបាកយ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះនាពេលនេះ។

លោកអភិបាលស្រុកបានធ្វើសេចក្តីរាយកាណ៍អំពីស្ថានភាពខ្យល់ព្យុះកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានករណីភ្លៀងធ្លាក់ជាខ្លាំង បណ្តាលឲ្យមានខ្យល់កន្ត្រាក់បោកបក់ទៅលើលំនៅដ្ឋានរបស់ប្រជារាស្ត្រទទួលរងគ្រោះដោយរលំ របើកជញ្ជាំង និងដំបូលផ្ទះប្រមាណ ៣៥ គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន ២ ឃុំប្រសូត្រ ស្រុកស្វាយទាបចំនួន ២៤ខ្នង រលំ ៤ខ្នង និងមួយភូមិក្នុងសង្កាត់បាទី ក្រុងបាវិតចំនួន ១១ខ្នង។ ទន្ទឹមនឹងនេះដែរ ក្រុមការងាររបស់រដ្ឋបាលស្រុកក្រុង និងអាជ្ញាធរខេត្តស្វាយរៀង បានធ្វើការចុះពិនិត្យស្ថានភាពជាក់ស្តែង និងបានជួយសង្គ្រោះបងប្អូនយ៉ាងទាន់ពេលវេលា។

សម្តេចចៅហ្វាវាំង គង់ សំអុល បានជម្រាបជូននូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ និងព្រួយបារម្ភអំពីស្ថានភាពនៃជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដែលទទួលរងគ្រោះដោយមហន្តរាយនៃខ្យល់ព្យុះឆក់កន្ត្រាក់នៅគ្រប់មូលដ្ឋាន។ ព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅក្រៃលែងចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គដែលរស់នៅតាមបណ្តាមូលដ្ឋានក្នុងស្រុក ស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងបញ្ហា ជីវភាពជាខ្លាំងដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព និងការខូចខាតនូវភោគផលដំណាំទ្រព្យសម្បត្តិផ្សេងៗជាដើម។

ហេតុនេះ ហើយព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានសម្តេចចៅហ្វាវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេនាំមកនូវព្រះរាជអំណោយចែកជូនប្រជារាស្ត្រទាំង ៣៥ គ្រួសារក្នុងស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជារាស្ត្រ។

ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ដែលសម្តេចចៅហ្វាវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំងបានចែកជូនដល់ប្រជារាស្ត្រក្រីក្រទទួលរងគ្រោះដោយខ្យល់ព្យុះមានចំនួនសរុបជាមេគ្រួសារ ៣៥នាក់ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ ស្មើនឹង៥០គ.ក្រ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះ មាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស ស្មើនឹង៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ ថវិកា ចំនួន៨០០ពាន់រៀល សម្រាប់ប្រជារាស្ត្ររងគ្រោះរលំផ្ទះចំនួន៤ខ្នង និងថវិកាចំនួន ៤០០,០០០ រៀល សម្រាប់ប្រជារាស្ត្ររងគ្រោះដោយរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ៣១ខ្នង។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្រ្តរស់នៅក្នុងស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង នៅពេលនេះគឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិមានទឹក ជំនន់ ខ្យល់ព្យុះ និងភាពរាំងស្ងួត ជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាអម្ចាស់នៃយើង ដោយបន្តព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លាពីព្រះករុណា ព្រះវររាជ បិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជ ទាននូវ ព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំាំងព្រះរាជអំណោយសំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រះរាជអំណោយជាឧត្តមប្រយោជន៍សំរាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើអោយជីវភាពរស់នៅរបស់ប្រជារាស្រ្តកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។

ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយ រស់នៅក្នុងស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងបានថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕