(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីជម្លោះដីធ្លីដ៏រាំរ៉ៃមួយ នៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ដោយប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ ដោយឲ្យភាគីទាំងសងខាងគ្មានអ្នកឈ្នះ និងអ្នកចាញ់ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីក្រុមការងារ នៃស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងភាគីប្រជាពលរដ្ឋ ជាអ្នកទំនាស់ដីធ្លី។

ក្រោយពីបានដាក់ពាក្យប្តឹងតវ៉ាគ្នាទៅតុលាការអស់រយៈពេលជាច្រើនឆ្នាំ មិនទទួលបានលទ្ធផលរួចមក ភាគីទំនាស់ដែលជាសាច់ញាតិ ក្រុមគ្រួសារដណ្តើមដីចំកាធុរ៉េនគ្នា ចំនួនជាងពីរហិកតា ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានងាកមកសុំការជួយអន្តរគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត កាលពីដើមខែធ្នូឆ្នាំ២០២០នេះ។

ក្រោយពីបានចុះពិនិត្យ និងប្រជុំជាមួយមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធភាគីទំនាស់ម្តងរួចមកលោក ជាវ តាយ អភិបាលខេត្ត បានបើកកិច្ចប្រជុំសម្របសម្រួលទំនាស់រវាងឈ្មោះ សុខ ងីម, អោ គីម និងឈ្មោះ ឈុយ សាង រស់នៅភូមិឃុំខាងលើម្តងទៀត ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០នេះ។

ជាលទ្ធផល ក្រោយពីបានស្តាប់ការបំភ្លឺរបស់ភាគីពាក់ព័ន្ធ លោកអភិបាលខេត្តបានប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ ក្នុងការដោះស្រាយទំនាស់ក្រៅប្រពន្ធតុលាការជូនចំពោះភាគីទាំង២ ហើយបានឯកភាពព្រមព្រៀងគ្នាទាំងសងខាង ថានឹងបែងចែកដីទំនាស់ជា២ចំណែក ក្នុងនោះលោកស្រី ឈុយ សាង ព្រមទទួលយក ៦០% និងលោកស្រី សុខ ងីម ព្រមទទួលយក ៤០% ហើយចំពោះការវាស់វែងដីជាក់ស្តែងនឹងរៀបចំ ធ្វើនៅពេលខាងមុខ។

ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត លោកមិនចង់ឃើញពលរដ្ឋណាម្នាក់ឈ្លោះប្រកែក ឬប្តឹងផ្តល់គ្នាទៅតុលានោះទេ ហើយក្នុងនាមជាអ្នកដឹកនាំខេត្តមួយរូប លោកស្នើសុំឲ្យពលរដ្ឋទាំងអស់ មានការយោគយល់ អធ្យាស្រ័យខ្ពស់ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឲ្យខាតពេលវេលា និងថវិការបស់រៀងៗខ្លួន។

ក្នុងករណីមានជម្លោះដីធ្លីណាមួយដែលដោះស្រាយមិនចេញ លោកអភិបាលខេត្ត បានលើកទឹកចិត្ត ឲ្យពលរដ្ឋ ដាក់សំណើរសុំអន្តរគមន៍ដោះស្រាយ មកអាជ្ញាធរខេត្តជាមុនសិន ឬក៏អាចទំនាក់ទំទង មករូបលោកផ្ទាល់ក៏បាន ដើម្បីមានចំណាត់ការដោះស្រាយជូនទាន់ពេលវេលា៕