(ឧត្តរមានជ័យ)៖ រយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០នេះ ពលករខ្មែរសរុប ៣០០នាក់ បានចាកចេញពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានដឹកជញ្ជូនតាមរថយន្តយកទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅក្នុងក្រុងសំរោង។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ចាប់តាំងពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ពលករខ្មែរសរុប ៣០០នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ត្រូវបានដឹកជញ្ជូនតាមរថយន្តយកទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅក្នុងក្រុងសំរោង ដោយឡែកពលករចំនួន៧១នាក់ ដែលមកពីតំបន់ប្រឈម នានានិងមេរោគកូវីដ១៩ ក្នុងប្រទេសថៃ ត្រូវបានបញ្ជូនទៅយកសំណាករកមេរោគកូវីដ១៩។
លោកប្រធានមន្ទីរ បានថ្លែងបញ្ជាក់ថា នៅថ្ងៃម្សិលមិញពលករខ្មែរចំនួន១៧៦នាក់ បានចាកចេញពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងបានដឹកជញ្ជូនយកទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្រុងសំរោង ក្នុងនោះបានយកសំណាកចំនួន៣៥នាក់ ទៅពិនិត្យរកមេរោគកូវីដ១៩។ ចំណែកនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ពលករចំនួន១២៤នាក់ បានចាកចេញពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ នឹងត្រូវដឹកតាមរថយន្តកងទ័ព យកទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្រុងសំរោង ក្នុងនោះពលករចំនួន៣៦នាក់ បានបញ្ជូនទៅយកសំណាករកមេរោគកូវីដ១៩ផងដែរ។
លោក ឃ្លោក ហួត បានថ្លែងទៀតថា នៅទូទាំងខេត្តឧត្តរមានជ័យ មានមណ្ឌុលចត្តាឡីស័កសរុបចំនួន៦កន្លែង ដែលចំនួនមណ្ឌលចត្តាឡីស័កនេះ មិនមានតុល្យភាពនិងចំនួនពលករដែលមកប្រចាំថ្ងៃ ក្នុងមួយថ្ងៃជាង ១០០នាក់នោះទេ ហើយនៅថ្ងៃនេះដែរ មណ្ឌលចត្តាឡីស័កទាំងអស់នៅក្នុងខេត្ត គឺពេញមិនអាចឲ្យពលករធ្វើចត្តាឡីស័កនៅថ្ងៃស្អែកទៀតបានទេ។
ដោយឡែកលោក ឃិន ញ៉ាណ អភិបាលខេត្តស្តីទីខេត្តឧត្តរមានជ័យ បានថ្លែងនៅរសៀលថ្ងៃនេះថា បើសិនមណ្ឌលចត្តាឡីស័កទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យពេញ មិនអាចដាក់ពលករឲ្យធ្វើចត្តាឡីស័កនៅថ្ងៃស្អែកទៀតបានទេ ជាគោលការណ៍ យើងត្រូវដឹកជញ្ជូនពលករទាំងនោះទៅធ្វើចត្តាឡីស័កបន្តនៅខេត្តសាមីរបស់គេ ជាមួយនិងការជូនដំណឹងឲ្យអាជ្ញាធរខេត្តសាមីទាំងនោះ បានដឹងជាមុន ដើម្បីគេរង់ចាំទទួលយកទៅធ្វើចត្តាឡីស័កបន្ត។
គួរបញ្ជាក់ថា ក្រោមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រថយន្តរបស់កងទព័ចំនួន ១៥គ្រឿង ក្នុងចំណោមរថយន្តចំនួន៧០គ្រឿង បានមកអន្តរាគមន៍ដឹកពលករ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់។
ជាមួយនឹងការបទបញ្ជានេះ សម្តេចតេជោក៏បានផ្តល់នូវម៉ាសចំនួន៤០ម៉ឺនម៉ាស់ និងឃីត២០០០ដល់អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រាប់ធ្វើការចែកជូនពលករផងដែរ៕