(សៀមរាប)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តសៀមរាប (ក.ប.ប. ខេត្តសៀមរាប) នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានសហការណ៍ជាមួយមន្រ្តីពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពម្ហូបអាហារវេចខ្ចប់ និងមិនវេចខ្ចប់តាមតូប នៅក្នុងផ្សារបន្ទាយស្រី ដែលមានទីតាំងនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារ របស់ក្រុមមន្ត្រីជំនាញ ដើម្បីរកសារធាតុគីមីហាមឃាត់ ដោយប្រើឧបករណ៍តេស្តឃីតបានចំនួន ១៣គំរូ មានរួមដូចជា ប្រភេទស្ពៃជ្រក់៤គំរូ, ប្រភេទប្រហុក៣គំរូ, ផ្អក, សណ្ដែកបណ្ដុះ ៣គំរូ, តៅហ៊ូ និងបាញ់កាញ់ជាដើម និងបន្តត្រួតពនិត្យទំនិញវេចខ្ចប់ ដើម្បីពិនិត្យមើលកាបរិច្ឆេទប្រើប្រាស់នៅតាមតូបលក់មួយចំនួនផងដែរ។
ជាលទ្ធផល ក្នុងចំណោមសំណាកខាងលើ និងផលិតផលវេចខ្ចប់មួយចំនួន ដែលដាក់លក់តាមតូប ពុំមានរកឃើញសារធាតុគីមីហាមឃាត់ និងភាពមិនអនុលោមណាមួយឡើយ៕