(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង និងក្រសួងបរិស្ថាន បានចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស ១០ហិកតា) ចំនួន ១គម្រោង នៅចំណុចគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង។
សកម្មភាពបានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង ព្រមទាំងមានការចូលរួមពីសំណាក់តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកកោះកុង មេឃុំត្រពាំងរូង តំណាងមន្ទីរបរិស្ថានខេត្តកោះកុង និងតំណាងម្ចាស់គម្រោងផង។
អភិបាលរងខេត្តកោះកុង បានឲ្យដឹងបន្ថែមថា ក្រោយពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំនេះ គឺសមស្របទៅនឹងគម្រោងទេសចរណ៍ធម្មជាតិ។
ក្នុងនោះតំណាងរដ្ឋបាលខេត្ត ក៏បានគាំទ្រការអនុវត្តគម្រោង និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងនេះ ស្របទៅនឹងនីតិវិធីនៃការស្នើសុំវិនិយោគគម្រោងក្រោម១០ហិកតា គឺត្រូវតែជាគម្រោង ទេសចរណ៍ធម្មជាតិ ដោយគ្មានការកាប់បំផ្លាញព្រៃឈើ មានការចូលរួមថែរក្សាបរិស្ថាន និងអនាម័យបានល្អ និងការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការជាវផលិតផលក្នុងមូលដ្ឋាន ដើម្បីផ្គត់ផ្គង់ដល់អ្នកទេសចរ៕