(បាត់ដំបង)៖ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានសហការ ជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញ ជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់នៅក្នុងផ្សារសង្កែ និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារ នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជាលទ្ធផល នៃការចុះត្រួតពិនិត្យ បានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ និងទំនិញ ខូចគុណភាពចម្រុះចំនួន ៦២គីឡូក្រាម និងយកមករក្សាទុកនៅសាខា ដើម្បីដិតកម្ទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានឲ្យដឹងថា មន្រ្តីជំនាញបានចុះត្រួតពិនិត្យ ទំនិញនៅផ្សារសង្កែ ឃុំអន្លង់វិល ស្រុកសង្កែ និងផ្ទះលក់គ្រឿងទេស ជុំវិញផ្សារ និងតាមដានកន្លែងចែកចាយបារីគ្មានបារីម៉ាកJET ។ លទ្ធផលទទួលបានគឺ បានរក ឃើញទំនិញខូចគុណចំរុះចំនួន៦២គីឡូក្រាម ក្នុងនោះមាន ពពុះសណ្ដែកស្មើ០២គីឡូក្រាម ទឹកដោះគោស្រស់០៦ប្រអប់ ០១គីឡូក្រាម ទឹកក្រូច២៩ដប ចំណុះ១.២៤លីត្រ ៣៦គីឡូក្រាម នំធុង០៥ធុ ២៣គីឡូក្រាម បានយកមករក្សារទុកនៅសាខា ដើម្បីដុតកំទេចចោលពេលក្រោយ។
លោកបានបញ្ជាក់ថា ក្នុងនាមមន្រ្តីជំនាញតែងតែចុះត្រួតពិនិត្យជាប្រចាំលើកាលក់ដូរនៅតាមផ្សារ ផ្ទះល្វែងក្នុងភូមិសាស្រ្តខេត្តបាត់ដំបងរហូតមក និងធ្វើការរឹតបន្តឹង ក្នុងការលក់ដូរទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានដាក់លាយសារធាតុគីមីជាដើម ព្រមទាំងបានធ្វើការអំពាវនាវ ដល់អាជីវករលក់ដូរត្រូវ បញ្ឈប់ ជាបន្ទាន់ ក្នុងការលក់ទំនិញទាំងនេះបន្តទៀត និងអំពាវនាវដល់ទាំងអ្នកទិញ និងអ្នកលក់នាំគ្នាទប់ស្កាត់ឲ្យបាន នូវការលក់ទំនិញខូចគុណភាពទាំងនេះបន្តទៀត ព្រោះធ្វើឲ្យមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕