(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ខៃ ខែត្រ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកបឹងត្រកួន រួមជាមួយកម្លាំងចំរុះ បានចុះត្រួតពិនិត្យមើលភាគីថៃ ចុះរុះរើស្លាកសញ្ញាដោះមីន នៅចន្លោះបង្គោលសីមា២៧-២៨ ក្នុងភូមិសាស្ត្រ ភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់ជាមួយភូមិសាស្ត្រភូមិ២ ឃុំណងវែង ស្រុកឡាក់ហាន់សាយ ខេត្តបូរីរ៉ាំ។
ការចុះត្រួតពិនិត្យថៃរុះរើផ្លាកសញ្ញាមីនពេលនេះ ធ្វើទៅតាមសំណើរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ដែលបានស្នើឲ្យភាគីថៃចុះរើស្លាកសញ្ញាមីន ដែលពួកគេបានដោះរួចចូលមកលើខ្សែបន្ទាត់ព្រំដែន ១៨៩ម៉ែត្រ។
មន្រ្តីយោធាជាន់ខ្ពស់យោធភូមិភាគទី៥ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា «តាមសំណើរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន ទើបថ្ងៃនេះភាគីថៃ បានជួបជាមួយភាគីកម្ពុជា ហើយយល់ព្រមធ្វើការរុះរើផ្លាកសញ្ញាមីនចំពោះមុខភាគីកម្ពុជាភ្លាមៗ។ បន្តមកថៃក៏បានស្នើសុំឲ្យភាគីទាំងសងខាង កំណត់ពេលវេលាជួបជុំគ្នាដើម្បីពិភាក្សាការងារផ្សេងអំពីសន្តិសុខព្រំដែនក្នុងរយៈពេល១ខែម្តង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ កម្ពុជាបានរុះរើផ្លាកសញ្ញាមីនដែលថៃបោះចូលលើខ្សែបន្ទាត់ព្រំដែនក្នុងចន្លោះបង្គោល ៣២-៣៣ រួចម្ដងមកហើយ ក្រោយពីភាគីកម្ពុជាស្នើសុំទៅភាគីថៃ ហើយភាគីថៃមិនបានឆ្លើយតបនឹងចូលមករុះរើ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្តាំផ្ញើការអរគុណដល់កម្លាំងថៃ ដែលបានគោរពកិច្ចសន្យារបស់ខ្លួនខាងលើនេះ។
កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់ឱសានវាទទៅភាគីទាហានថៃ នៅក្នុងកិច្ចប្រជុំមួយ ដោយឲ្យភាគីថៃរុះរើរាល់ស្លាកសញ្ញាមីន និងខ្សែក្រហមដោះមីន ចេញពីតំបន់ចន្លោះបង្គោលសីម៉ាលេខ៣២ និងលេខ៣៣។
ឧត្តមសេនីយ៍ទោ សេង ធារិន បានប្រាប់ឲ្យក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីនចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងឈរជើងនៅទីនោះ នឹងធ្វើការរុះរើដោយខ្លួនឯង ហើយរាល់សកម្មភាពផ្សេងៗ តាមបណ្តោយព្រំដែន សូមភាគីថៃជូនដំណឹងគ្នាទៅវិញទៅមក ប៉ុន្តែក្រោយការស្នើសុំនោះ និងដល់ថ្ងៃកំណត់ក៏ថៃមិនទាន់បានរុះរើស្លាកសញ្ញាដោះមីនចេញផងដែរទេ ទើបតែថ្ងៃនេះទាហានថៃបានសម្រេចរុះរើតែម្តង៕