(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ដួលដេកលើដីដោយសារតែមនុស្ស១ក្រុម ដេញតាមចាប់វាយដោយចោទថាជាចោរ។ បន្ទាប់មកក្រុមអ្នកវាយទាំងនោះក៏បានគេចខ្លួនបាត់អស់ អត់មាននរណាម្នាក់ ហ៊ានចេញមុខដាក់ពាក្យប្ដឹងថា ខ្លួនបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ។
បន្ទាប់មកប្រជាការពារសង្កាត់ចោមចៅទី១ បាននាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ សាកសួរព្រោះសង្ស័យថា ក្មេងប្រុសរូបនេះលួចទ្រព្យសម្បត្តិគេនៅក្នុងភូមិសាស្រ្តសង្កាត់មួយនេះ។
ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ៨៖៤៥នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅភូមិថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្មេងប្រុសរងគ្រោះខាងលើមិនត្រូវបានស្គាល់ អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានអាយុ១៣ឆ្នាំ ជាក្មេងកំព្រាអនាថា គ្មានឪពុកម្ដាយ និងសាច់ញាតិឡើយ។ ក្មេងរូបនេះមានមុខរបរដើររើសអេតចាយ ហើយគ្មានទីលំនៅពិតប្រាកដនោះទេ យប់កន្លែងណាដេកកន្លែងនោះតែម្ដង នេះបើតាមការប្រាប់ឲ្យដឹងពី នគរបាលប៉ុស្តិ៍ចោមចៅទី២។
នៅមុនពេលកើតហេតុ ខណៈដែលក្មេងប្រុសខាងលើកំពុងជិះម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ស្រាប់តែមានមនុស្សក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញតាមចាប់។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ទើបចាប់បានរួចបាននាំគ្នា វាយទាត់ធាក់ បណ្ដាលឲ្យរងរបួសបែកក្បាកដួលដេកទៅលើដី ដោយបានចោទប្រកាន់ថា លួចទ្រព្យសម្បត្តិអ្នកដទៃនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ទោះជាបែបណា ក្រោយពេលកើតហេតុពុំមានឃើញសម្ភារអ្វីនៅជាប់ខ្លួនក្មេងប្រុសនោះឡើយ ចំណែកឯមនុស្ស១ក្រុមនោះ ក្រោយព្រួតវាយទៅលើក្មេងប្រុសនេះ រួចក៏បាននាំគ្នាគេចខ្លួនបាត់អស់ ហើយក៏ពុំមាននរណាម្នាក់ហ៊ាន ចេញមុខដាក់ពាក្យប្ដឹងដែរ។
បន្ទាប់មកកម្លាំងប្រជាការពារសង្កាត់ចោមចៅទី១ បានចុះទៅនាំយកក្មេងប្រុសខាងលើ ទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ ដើម្បីសួរនាំ ប៉ុន្តែពេលទៅដល់នគរបាលមិនអាចសួរនាំបានទេ ព្រោះរបួសធ្ងន់ពេលក៏បានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីសង្រ្គោះ៕