(ព្រៃវែង)៖ ទោះបីស្ថានភាពក្នុងបរិបទកូវីដ-១៩ ប៉ុន្តែសកម្មភាពមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ពិសេសជំនាញផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង នៅតែបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញផលិតកម្មចិញ្ចឹមសត្វគ្រប់ប្រភេទ ដើម្បីបង្កើនសន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាលក្ខណៈគ្រួសារយ៉ាងសកម្ម ពិសេសការចិញ្ចឹមជ្រូកតាមលក្ខណៈគ្រួសារ ក្នុងខេត្តទាំងមូល ត្រូវបានសាកល្បងចិញ្ចឹមជាណ្តើៗ ដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់មន្ត្រីបច្ចេកទេស ជំនាញបសុពេទ្យខេត្តស្រុក ធ្វើឱ្យពួកគាត់មានទំនុកចិត្ត យកទៅអនុវត្តជាបន្តបន្ទាប់។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តសកម្មភាពចុះពិនិត្យមើលការចិញ្ចឹមជ្រូក និងផ្តល់បច្ចេកទេសដល់កសិករ ចិញ្ចឹមជ្រូកតាមដានជំងឺជ្រូក ព្រមទាំងបានចុះពិនិត្យមើលស្ថានភាព ការចិញ្ចឹមសត្វតាមព្រំដែនមានចំនួន ៦ស្រុក នៅខេត្តព្រៃវែង។
លោកបានបន្ថែមថា មន្ត្រីជំនាញបានចុះពិនិត្យសត្វជ្រូកទាំង៦ស្រុក រួមមានស្រុកព្រះស្ដេច ស្រុកពាមជរ ស្រុកបាភ្នំ ស្រុកកំចាយមារស្រុកមេសាង និងស្រុកកំពង់ ត្របែក ក្នុងនោះមន្ត្រីជំនាញបានចុះពិនិត្យមេជ្រូក និងជ្រូកសាច់១៤៩ក្បាល ហើយសត្វជ្រូកទាំងនោះមានសុខភាពល្អ ព្រមទាំងបានណែនាំពីប្រព័ន្ធជីវសុត្ថិភាពបន្ថែម និងចែកថ្នាំបាញ់សំលាប់មេរោគឱ្យបាញ់នៅទ្រុងជាប្រចាំផងដែរ។
លោកបានបញ្ជាក់ថា មន្រ្តីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិចុះព្យាបាលជ្រូក ឈឺចំនួន៧ក្បាល និងកូនគោ ២ក្បាលនៅភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ សត្វឈឺ មានរោគសញ្ញា ដំបៅក្រចក ដំបៅមាត់ កំដៅឡើង (សង្ស័យជំងឺ FMD)។ ក្រៅពីនេះក៏បានចុះពិនិត្យអនាម័យសាច់ ផលិតផលមានដើមកំណើតពីសត្វកន្លែង តាំងលក់ផលិតផលសាច់សត្វ និងបានណែនាំពីវិធានការអនាម័យ លើផលិតផលសាច់កន្លែងតាំងលក់ បន្ថែមពីនេះក៏បានចុះសាកសួរ ប្រជាកសិករចិញ្ចឹមសត្វទា នៅតាមតំបន់ព្រំដែនផងដែរ៕