(កោះកុង)៖ លោក វែង សំសាក់ ដែលជាប្រធានសហគមន៍ តំបន់ធម្មជាតិការពារកោះស្រឡៅ និងជាមន្ត្រីបរិស្ថានប្រចាំ ដែនជម្រសត្វព្រៃពាមក្រសោប ហើយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឃុំកោះកាពិផងដែរនោះ ដែលបានរងនូវភាពអយុត្តិធម៌ ពាក់ព័ន្ធរឿងកូនបំណុលប្តឹង ហើយលុតជង្គង់ សុំការសណ្តោសប្រណីរកយុត្តិធម៌ពីសម្តេចតេជោ ហ៊ុន សែន ត្រូវបានសាលាដំបូងខេត្តកោះកុង កោះហៅឲ្យចូលបំភ្លឺជាថ្មី នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ លើបណ្តឹងព្រហ្មទណ្ឌ២ករណី។
លោក វែង សំសាក់ ដែលជនរងនូវក្នុងក្តីអយុត្តិធម៌ បានប្រាប់អង្គភាព Fresh News ថា លោកទើបបានទទួលដីកាកោះថ្មីម្តងទៀត ពីអយ្យការអមសាលាដំបូង ខេត្តកោះកុង ចេញដោយ លោក អ៊ីវ ត្រាយ ព្រះរាជអជ្ញារង សាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈដែលក្នុងដីកាកោះហៅនេះ ចុះតាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ មកម្ល៉េះ ហើយឲ្យលោកចូលទៅបំភ្លឺនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។
គិតទាំងលើកនេះ ការកោះហៅ លោក វែង សំសាក់ ចូលបំភ្លឺនៅសាលាដំបូងខេត្តកោះកុង មានចំនួន៣លើកហើយ ដោយលើកទី១ កោះហៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥តែត្រូវបានលើកពេល ដោយមិនបញ្ជាក់មូលហេតុ និងលើកទី២ កោះហៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ហើយក៏ត្រូវពន្យារពេលទៀត ដោយមិនបញ្ជាក់មូលហេតុ ដូចលើកមុនផងដែរ។
ក្នុងដីការបស់អយ្យការអប់សាលាដំបូងខេត្តកោះកុង ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ចេញដោយលោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងខេត្តកោះកុង បានកោះហៅ ឈ្មោះ វែង សំសាក់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិ កោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីចូលខ្លួនឆ្លើយដោះសារ ពីការចោទប្រកាន់ពីបទ៖ ប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា ២៥៣ នៃច្បាប់ភូមិបាលឆ្នាំ២០០១ និងបទ ក្លែងបន្លំឯកសារសាធារណៈ បទល្មើសដែលមានបញ្ញត្តិ ឲ្យផ្តន្ទាទោសតាមមាត្រា ៦២៦ និងមាត្រា ៦២៧ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិនៅចំណុច ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កាលពីអំឡុងឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០៩។
លោក វែង សំសាក់ បានទទួលរងនៅភាពអយុត្តិធម៌ផ្តួនៗ ក្នុងប្រព័ន្ធតុលាការ ព្រោះលោកត្រូវបានកូនបំណុលប្តឹងជាបន្តបន្ទាប់ ដោយលោកធ្លាប់បានឈ្នះក្តីនៅសាលាដំបូងខេត្ត តែបែរជាមកចាញ់ក្តី នៅសាលាឧទ្ធរណ៍ ត្រូវគេរឹបអូសផ្ទះ និងដី ហើយពេលនេះត្រូវកូនបំណុលប្តឹងឡើង សាលាដំបូងខេត្តកោះកុងពីបទព្រហ្មទណ្ឌទៀតនោះ លោកបានអះអាងថា ខ្លួនមិនបានប្រព្រឹត្តហិង្សាអ្វីទាល់តែសោះ តែបែរជាត្រូវកូនបំណុលរបស់ខ្លួនប្តឹងថែមទៀត។
មន្ត្រីបរិស្ថានរូបនេះបានរៀបរាប់ពីដំណើររឿងប្រាប់ Fresh News ទាំងក្តុកក្តួលក្នុងចិត្តថា លោកបានក្លាយទៅជាជនរងគ្រោះ នៅក្នុងប្តឹងរបស់កូនបំណុលខ្លួន ដែលមានឈ្មោះ ផែ ខៀវខ្ចី និង ឈ្មោះ ខៀវ កាជីលី ពួកគេទាំងពីរនាក់នេះ ជាប្តីប្រពន្ធនិងគ្នា បានប្តឹងរូបលោក និងក្រុមគ្រួសារមិនឲ្យមានសេចក្តីសុខ ត្រូវបាត់បង់ផ្ទះ និងលុយកាក់ យ៉ាងអយុត្តិធម៌បំផុត ។
លោក វែង សំសាក់ ដែលជាសកម្មជនដ៏សកម្ម របស់គណបក្សប្រជាជន ដែលអ្នកស្រុកអ្នកភូមិគោរព និងស្រឡាញ់ បានរៀបរាប់ពីដំណើររឿងឲ្យដឹងថា ដើមរឿងឈានទៅដល់ការប្តឹងផ្តល់នេះ កើតឡើងមកពី ការខ្ចីលុយ និងយកផ្ទះដីមកបញ្ចាំ ដោយនៅឆ្នាំ១៩៩៣ ពីនាក់ប្តីប្រពន្ធ ដែលជាដើមបណ្តឹង ឈ្មោះ ផែ ខៀវខ្ចី បានយកប្លង់ផ្ទះ មកបញ្ចាំលោក នូវទឹកប្រាក់ចំនួន៧៥០០០បាទ។ ហើយនៅឆ្នាំ១៩៩៩ ពីរនាក់ប្តីប្រពន្ធនេះ ទៅផ្ទះរបស់លោកម្តងទៀត ហើយបាននិយាយថា គាត់គ្មានលុយសងនោះទេ សូមឲ្យកាត់យកដីនិងផ្ទះនោះទៅ។
លោក វែង សំសាក់ ក៏បានយល់ព្រមយកផ្ទះ និងដីនោះ ហើយក៏បានធ្វើលិខិតប្រគល់ និងទទួល យ៉ាងត្រឹមត្រូវបំផុត ដោយមានមេដាយ ភាគីទាំងសងខាងផងដែរ ។ ចាប់ពីពេលនោះមកប្តីប្រពន្ធទាំងនេះ បានចេញទៅបាត់ ដោយមានអះអាងថា ពួកគាត់ទាំងពីរ ទៅធ្វើការនៅប្រទេសថៃ ហើយពេលនោះលោក និងក្រុមគ្រួសារក៏មកធ្វើផ្ទះរស់នៅលើដីនោះ។
មន្ត្រីការពារបរិស្ថានដដែលរូបនេះ បានរៀបរាប់បន្តទៀតថា លុះ១០ឆ្នាំក្រោយមក ពោលគឺឆ្នាំ២០០៩ ស្រាប់តែពីរនាក់ប្តីប្រពន្ធដែលទៅបាត់នេះ លេចមុខត្រឡប់មកវិញ ហើយបានដាក់ពាក្យប្តឹងទៅតុលាការ ចោទប្រកាន់លោកថា លួចដីនិងផ្ទះរបស់ពួកគេទៅវិញ។ តុលាការក៏បានយកលិខិតប្រគល់ និងទទួលផ្ទះ និងដីកាលពី១០ឆ្នាំមុន ទៅពិនិត្យកោសល្យវិច្ច័យ នៅក្រសួងមហាផ្ទៃ ដើម្បីបញ្ជាក់ការពិតលទ្ធផល បានបញ្ជាក់យ៉ាងច្បាស់ថា ស្នាមមេដាយ របស់ប្តីប្រពន្ធទាំងពីរពិតជាត្រឹមត្រូវ ហើយបានលក់ផ្ទះនេះ ឲ្យលោកពិតមែន។ សាលាដំបូងក៏កាត់ក្តីឲ្យរូបលោកឈ្នះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១។
តែរឿងនេះមិនទាន់បញ្ចប់ទេ ពោលពីរនាក់ប្តីប្រពន្ធ ដែលជាអតីតកូនបំណុលរបស់លោក កើតទុក្ខមិនសុខចិត្តបានបន្តប្តឹងឡើង ដល់សាលាឧទ្ធរណ៍។ អ្វីដែលអស់សង្ឃឹមនោះ សាលាឧទ្ធរណ៍ បានប្រកាសសាលក្រម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ឲ្យរូបលោកចាញ់ទៅវិញ។ ដោយសារលោកជាអ្នកក្រីក្រគ្មានប្រាក់ លោកមិនបានប្តឹងទៅសាលាកំពូលនោះទេ ដោយសុខចិត្តចុះចាញ់ មិនចង់ចំណាយពេលវេលាខាតបង់ឥតប្រយោជន៍។ បន្ទាប់ពីរឿងក្តីនេះចប់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ជាថ្ងៃដែលត្រូវអនុវត្តន៍សាលដីកា លោកបានប្រគល់ដី និងលុយជាង ៦២០០០០០ ឲ្យទៅគេតាមការកំណត់។
លោក វែង សំសាក់ បានរៀបរាប់ឲ្យដឹងទៀតថា ក្នុងចិត្តរបស់លោក សង្ឃឹមថារឿងក្តីក្តាន់ទាំងនោះ និងរលត់បាត់ទៅហើយ ប៉ុន្តែក្តីសង្ឃឹមប្រែជារលាយស្រាប់ តែនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ មានដីកាកោះហៅឲ្យលោក ឡើងសវនាកា ពីបទព្រហ្មទណ្ឌលេខ០៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ពីបទប្រើប្រាស់អំពើហិង្សា លើអ្នកកាន់កាប់អចលនទ្រព្យ និងក្លែងបន្លំឯកសារ សាធារណៈដែលនឹងត្រូវឡើង សវនាកានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ដែលដើមបណ្តឹង គឺពីរនាក់ប្តីប្រពន្ធ ដែលជាអតីតកូនបំណុល និងជាអ្នកឈ្នះក្តីលោកនៅសាលាឧទ្ធរណ៍ ។
ពាក់ព័ន្ធទៅនឹងបណ្តឹងប្រព្រឹត្ត អំពើហិង្សាអ្នកកាន់កាប់អចលនទ្រព្យ និងក្លែងបន្លំឯកសារសាធារណៈនេះ លោក វែង សំសាក់ បានអះអាងថា លោកមិនដែលបានប្រព្រឹត្ត អំពើហិង្សាលើនរណាម្នាក់ ក៏ដូចជាក្លែងបន្លំឯកសារសាធារណៈនោះទេ ដូច្នេះលោកមិនយល់ទាល់តែសោះ អំពីការប្តឹងនេះ។
លោក វែង សំសាក់ បាននិយាយថា «ខ្ញុំមិនបានប្រព្រឹត្តអ្វីដូគេចោទប្រកាន់សោះ។ ខ្ញុំសូមស្បថជូន បើខ្ញុំបានធ្វើអ្វីដូច គេចោទប្រកាន់ សូមឲ្យបារមី វត្ថុស័ក្តិសិទ្ធិ ក្នុងប្រទេសខ្មែរ យកជីវិតខ្ញុំ ក្នុងរយៈពេលបីថ្ងៃ ឬ ៧ថ្ងៃចុះ។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា អ្វីដែលខ្ញុំបានរៀបរាប់ទាំងអស់ សុទ្ធតែរឿងពិត និងសូមអំពាវនាវដល់សម្តេចតេជោ នាយករដ្ឋមន្ត្រីមេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំបាទផង ។ បើខ្ញុំបាទជាប់គុកសូមសម្តេចជួយប្រាប់ដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ជួយមើលប្រពន្ធកូនខ្ញុំផង ព្រោះគ្មានអ្នកណាជាទីពឹងទៀតទេសូមអរគុណ»៕