(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងអំពីបញ្ហាក្តៅៗសមុទ្រចិនខាងត្បូង និងឧបទ្វីបកូរ៉េ ដោយស្នើឲ្យប្រទេសក្នុងតំបន់អាស៊ាន ផ្អាកសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង នេះបើយោងតាមភ្នាក់ងារ Fresh News ពីសហរដ្ឋអាមេរិក ក្រោយបញ្ចប់កិច្ចប្រជុំថ្ងៃទី១ ដោយខណៈពេលនេះវេលាម៉ោងប្រមាណ ២យប់ ចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ (ម៉ោងនៅសហរដ្ឋអាមេរិក)។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសនោះ វៀតណាម ហ្វីលីពីន និងសហរដ្ឋអាមេរិក បានលើកឡើងអំពីបញ្ហាលំបាកៗ ពាក់ព័ន្ធនឹងសកម្មភាពរបស់ចិន នៅតំបន់សមុទ្រខាងត្បូង ដោយសេរីនៅក្នុងកិច្ចប្រជុំតែម្តង។
ក្រៅពីនោះលោកប្រធានាធិបតី ក៏បានលើកឡើងផ្តោតសំខាន់ទៅលើទំនាក់ទំនងបញ្ហាសេដ្ឋកិច្ច ព្រមទាំងអញ្ជើញនាយកក្រុមហ៊ុនធំៗចំនួន៣ មកធ្វើបទបង្ហាញប្រាប់ដល់មេដឹកនាំអាស៊ាន ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ជួយនិងជំរុញដល់ប្រទេសក្នុងតំបន់អាស៊ាន ឲ្យបានលឿនជាងមុន។ ក្រៅពីនោះប្រធានាធិបតី ក៏បានលើកឡើងអំពីបញ្ហាលើវិស័យអប់រំ និងធនធានមនុស្សផងដែរ។
សូមជំរាបថា នៅក្នុងសារលិខិតរបស់ លោក បារ៉ាក់ អូបាម៉ា ថ្លែងស្វាគមន៍ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានឲ្យដឹងថា លោកបានចាប់ផ្តើមយល់ដឹងពីប្រជាជន និងភាពស្រស់ស្អាតប្រកបដោយភាពរឹងមំា នៃតំបន់អាស៊ីអាគ្នេយ៍ តាំងពីលោកនៅជាក្មេងមកម្ល៉េះ ហើយលោកធ្លាប់បានរស់នៅ ប្រទេសឥណ្ឌូណេស៊ីជាច្រើនឆ្នាំជាមួយ នឹងអ្នកម្តាយរបស់លោកផងដែរ។ មកដល់ឥឡូវនេះ លោកធ្លាប់បានបំពេញទស្សនកិច្ច៧ដង ទៅហើយនៅ តំបន់អាស៊ាន ដែលវាជាចំនួនច្រើនដងជាង បណ្តាប្រធានាធិបតីអាមេរិកមុនៗ។ កាលពីកិច្ចប្រជុំលើកចុងក្រោយ នៅទីក្រុងកូឡាឡាំពួរបោះជំហាន ទៅបង្កើតភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយទៀត។
សាររបស់ប្រធានាធិបតី បញ្ជាក់ថា៖ «ក្នុងនាមជាប្រធានាធិបតីនេះ ខ្ញុំបានមានឱកាសបំពេញទស្សនកិច្ចប្រទេសភាគច្រើន នៅតំបន់របស់អ្នក។ អ្នកនិងប្រជាជនរបស់អាស៊ានតែងតែបាន បង្ហាញនូវភាពរាក់ទាក់ខុសប្លែកពីគេ ហើយខ្ញុំសង្ឃឹមថា អាចតបស្នងប្រកបដោយភាពកក់ក្តៅបំផុត សម្រាប់ថ្ងៃនេះ និងអនាគត ហេតុដូច្នេះហើយ ទើបខ្ញុំមិនរៀបចំកិច្ចប្រជុំកំពូលនេះ នៅរដ្ឋធានីវ៉ាស៊ីនតោន។ កន្លែងនោះវាត្រជាក់ខ្លាំង ហើយកំពុងធ្លាក់ព្រិលទៀត ហេតុដូច្នេះខ្ញុំសូមស្វាគមន៍ អ្នកទាំងអស់គ្នាមកកាន់ Sunnylands ដ៏ស្រស់ស្អាត និងកក់ក្តៅវិញ»។
សូមជំរាបថា នៅថ្ងៃស្អែកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងបន្តមួយថ្ងៃទៀត (ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោងនៅសហរដ្ឋអាមេរិក)៕