(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌកំបូល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនឈ្មោះ សុខ ហេងសំបូរ អាយុ៣០ឆ្នាំ (អ្នកបាញ់) និងទី២៖ឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ (ម្ចាស់កាំភ្លើង) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំំណាងអយ្យការ បើកការស៊ើបសួរនិងឈានទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ពន្ធ័ករណីបាញ់សម្លាប់ជនរងគ្រោះឈ្មោះ នៅ ចំណាន ដោយ មូលហេតុ ពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើន ហើយគ្មានលទ្ធភាពសងទើបរៀបចំផែនការបាញ់សម្លាប់ជនរងគ្រោះតែម្តង។
លោកវរសេនីយឯក ហង្ស មុន្នី អធិការនគបាលខណ្ឌកំបូល បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ ដែលបានបាញ់សម្លាប់ជនរងគ្រោះនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងការ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្ដិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន។
លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យ និងជាអ្នកនាំពាក្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចជំនាញចាប់ខ្លួនបាន ទី១៖ឈ្មោះ សុខ ហេងសំបូរ អាយុ៣០ឆ្នាំ (អ្នកបាញ់) និងទី២៖ឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ (ម្ចាស់កាំភ្លើង)។
លោកវរសេនីយ៍ឯក មុំ ចេក បានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើន ហើយគ្មានលទ្ធភាពសង។ សមត្ថកិច្ចបានបង្ហើបថា ជនដៃដល់ជំពាក់លុយជនរងគ្រោះប្រមាណ៣០ម៉ឺនដុល្លារ ដោយសរុបទាំងដើម ទាំងការ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
គួរជម្រាបថា ប្រតិបត្តិការក៏មានកិច្ចសហការពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ទាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម បូណា និងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេង សោភា ជាមួយអធិការដ្ឋាននគរបាលខណ្ឌកំបូល។
សូមរំលឹកថា បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ចំនួន៤គ្រាប់ (ត្រូវ៣គ្រាប់) ពេលកំពុងជិះម៉ូតូម្នាក់ឯង បណ្ដាលឲ្យស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីមូលដ្ឋានបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង៕