(ពោធិ៍សាត់)៖ បច្ចុប្បន្នខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន ជាអភិបាលខេត្ត ត្រូវបានប្រជាពលរដ្ឋមើលឃើញថា មានការអភិវឌ្ឍគួរឲ្យកត់សំគាល់ ដូចជា សំណង់អគារដ៏ធំរបស់រដ្ឋបាលសាលាខេត្ត ដែលកំពុងស្ថាបនាសព្វថ្ងៃនេះ ការរៀបចំផ្សារ ប្រព័ន្ធលូបង្ហូរទឹកស្អុយ ការជុសជុល និងស្ថាបនាផ្លូវកៅស៊ូ សួនច្បារតាមមាត់ស្ទឹង ភ្លើងបំភ្លឺតាមដងផ្លូវ និងរង្វង់មូលជាដើម។ យ៉ាងណាក៏ដោយ ការអភិវឌ្ព្យកំពុងតែដំណើរការទៅមុខនេះ ប៉ុន្តែសំរាមជាបញ្ហាប្រឈមមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព និងសុខភាពប្រជាពលរដ្ឋ ដែលទាមទារឲ្យមានការគ្រប់គ្រងច្បាស់លាស់ និងចូលរួមទាំងអស់គ្នា។
ស្ថិតក្នុងស្ថានភាពបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទទួលបន្ទុកការងារសំរាមបានកោះហៅ លោកអភិបាលក្រុង ប្រធានមន្ទីរបរិស្ថាន ចៅសង្កាត់ មេភូមិ និងប្រធានក្រុមហ៊ុនអនាម័យ មកជួបប្រជុំគ្នានៅសាលាខេត្ត ដើម្បីរៀបចំធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។ លោកមេភូមិចៅសង្កាត់បានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួន មានការវេចខ្ចប់ និងទុកដាក់សំរាមកាក សំណល់បានល្អណាស់ ឯខ្លះទៀតគ្មានរបៀបរៀបរយទេ ចោលពាសវាលពាសកាលតាមមាត់ស្ទឹង មាត់ប្រឡាយ តាមរបងសាលារៀន វត្តអារាម មន្ទីរពេទ្យ និងទីកន្លែងស្ងាត់ជាដើម។ ប្រជាពលរដ្ឋខ្លះ មានផ្ទះនៅខាងក្រោយ ហើយរថយន្តដឹកសំរាមចូលមិនដល់ លុះពេលយកសំរាមទៅដាក់តាមមាត់ថ្នល់មុខផ្ទះគេ គេមិនឲ្យដាក់នោះ ហើយជាបញ្ហាដែលតម្រូវឲ្យមានធុងសំរាមរួមនៅតាមមាត់ផ្លូវ។ ចំណែករថយន្តដឹកត្រី ដឹកបន្លែ ផ្លែឈើ និងដឹកទំនិញផ្សេងៗ មិនឈប់នៅចំណតរថយន្តទេ គឺចល័តគ្រប់ទីកន្លែង ដូច្នេះហើយទើបបានជាសំរាមរាយប៉ាយបែបនេះ។ លោក សែ ម៉េង ជាប្រធានក្រុមហ៊ុនអនាម័យ បានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនធំ ពុំមានឆន្ទៈ ក្នុងការចូលរួមអនាម័យទេ ទាំងនៅតាមគេហដ្ឋាន និងតាមទីសាធារណៈ ។
ម្យ៉ាងវិញទៀត ខាងសាលាក្រុងពោធិ៍សាត់ មន្ទីរបរិស្ថាន សាលាសង្កាត់ មេភូមិ និងក្រុមហ៊ុនអនាម័យមិនសូវមានឱកាសជួបប្រជុំពិភាក្សាគ្នា រកដំណោះស្រាយទេ ច្រើនតែដើរគេចចេញពីគ្នា ដូច្នេះហើយទើបចង្អុលដាក់គ្នាគ្មានការទទួលខុសត្រូវ ។
លោក អ៉ឹង គឹមលាង ក្នុងនាមប្រធានគណៈកម្មការរៀបចំសោភ័ណភាពខេត្ត បានចាត់វិធានការឲ្យមន្ទីរបរិស្ថាន សាលាក្រុង និងមេភូមិចៅសង្កាត់នៅឲ្យជាប់ដោយរៀបចំផែនការជាខ្សែ។ រកទីតាំងចាក់សំរាមឲ្យបានច្បាស់លាស់ រៀបចំចំណតរថយន្តចល័ត កុំឲ្យរញ៉េរញ៉ៃតាមផ្លូវជាតិលេខ៥ បង្កើតអនុក្រុមការងារ ធ្វើផែនទីដាក់ធុងសំរាមតាមផ្លូវកែង និងតាមមន្ទីរអង្គភាពនានា ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹង ដើម្បីចូលរួមទាំងអស់គ្នា ពិភាក្សាលើការយកតំលៃសំរាម ទៅតាមគេហដ្ឋានតូចធំ ហាង ផ្ទះសំណាក់ សណ្ឋាគារ ឫសិប្បកម្មជាដើម ។ ចំពោះការឲ្យសំបុត្របង់ថ្លៃ គឺឲ្យក្នុងពេលជាមួយសំបុត្រទឹកភ្លើងដែរ។ សំរាមកាកសំណល់ដែលគ្មានការទុកដាក់ត្រឹមត្រូវ វាធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ បរិស្ថាន និងសោភ័ណភាពក្រុង។ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យខេត្តពោធិ៍សាត់ ក្លាយជាទីក្រុងស្អាតនាពេលខាងមុខនេះ៕