(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកមន្ត្រីក្រោមឱវាទចុះពិនិត្យមើលពីស្ថានភាព នៃច្រកទ្វារអន្តរជាតិចាំយាម-ហាលិច ដែលមានព្រំប្រទលជាប់គ្នាជាមួយប្រទេសថៃ និងអាចមានការបញ្ជូនពលករខ្មែរឲ្យវិលចូលស្រុកវិញ តាមច្រកទ្វារអន្តរជាតិនេះ។
ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានលើកឡើងថា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ឲ្យបណ្តាខេត្តដែលជាប់ព្រំដែន នៃប្រទេសជិតខាង មានការយកចិត្តទុក្ខដាក់ឲ្យខ្ពស់ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ហើយមានពលករខ្មែរធ្វើសំណាក់នៅទីនោះផងដែរ។
អភិបាលខេត្តបានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍មន្ត្រីប្រចាំការនៅតាមច្រកទ្វារអន្តរជាតិ ព្រំដែនទឹក ព្រំដែនគោក ត្រូវក្តាបឲ្យជាប់ និងតាមដានរាល់សភាពការ នៃការឆ្លងដែនរបស់ ពលករនេះបើសិនអាចមាន។ ម៉្យាងត្រូវរងចាំមើលជាប់ជានិច្ចក្រែសមត្ថកិច្ចថៃ បានបញ្ជូនពលករខ្មែរត្រឡប់ចូលស្រុកកំណើតវិញ។ ប្រសិនមានសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរចូលមក មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើ ចត្តាឡីស័ក១៤ថ្ងៃសិន។
ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកឧកញ៉ា លី យ៉ុងផាត់ ដែលបានផ្តល់បន្ទប់ចំនួន៩៤បន្ទប់ ក្នុងការសម្រាកធ្វើចត្តាឡីស័ក ពលករឆ្លងដែនពីប្រទេសថៃ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកបានចាត់ឲ្យមន្ត្រីប្រចាំការច្រកទ្វារអន្តរជាតិចាំយាម-ហាលិក និងសមត្ថកិច្ចផ្លូវទឹក-គោក ត្រូវសហការគ្នាផ្តល់ព័ត៌មានឲ្យបានយ៉ាងឆាប់រហ័សកុំឆ្វេសប្រហែស។
លោកបានលើកឡើងថា បើសិនអាជ្ញាធរថៃបញ្ជូនពលករខ្មែរឲ្យវិលចូលស្រុកវិញ អាជ្ញាធរកម្ពុជា មានកន្លែងស្នាក់នៅដើម្បីធ្វើចត្ដាឡីស័កគ្រប់គ្រាន់ និងមានអាហារឲ្យឧបត្ថម្ភគ្រប់គ្រាន់ ដោយមិនឲ្យខ្វះឡើយ។ អ្វីដែលសំខាន់ លោកឧកញ៉ា លី យ៉ុងផាត់ សហការជាមួយមន្ទីរសុខាភិបាលផ្តល់កន្លែងស្នាក់នៅ ចំនួន៩៤បន្ទប់ សម្រាប់អ្នកធ្វើចត្តាឡីស័ក នៅផែស្ងួតនេសាទ៕