(សៀមរាប)៖ ចៅក្រមសាលាដំបូងខេត្តសៀមរាប លោក ឈុន ចាន់សីហា បានថ្លែងអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ជនសង្ស័យជាឃាតកសម្លាប់កាត់ក្បាលនារី នៅក្នុងខេត្តសៀមរាប អាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើរកឃើញថា ពួកគេពិតជាបានប្រព្រឹត្តដូចដែលសមត្ថកិច្ចបានរកឃើញមែននោះ។
លោក ឈុន ចាន់សីហា បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានរូបលោកចេញដីការឲ្យឃុំខ្លួនដាក់ពន្ធនាគារ ខេត្តបណ្តោះអាសន្នហើយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ ដោយចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ លោក ឈុន ចាន់សីហា បានបញ្ជាក់ថា តាមមាត្រានេះ ជនសង្ស័យអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
បើតាមលោក ឈុន ចាន់សីហា នៅក្នុងការសាកសួរកាលពីម្សិលមិញនេះ ជនដៃដល់ឈ្មោះ ចាន់ ឆាយយ៉ា បានព្យាយាមឆ្លើយធ្វើជា ស្រពិចស្រពិលហាក់ មិនចង់ទទួលនូវទោសកំហុសរបស់ខ្លួននោះឡើយ។ «គាត់ដូចជាចង់ដោះបន្ទុក ឆ្លើយធ្វើស្រពិចស្រពិល។ ចឹង យើងត្រូវធ្វើការស៊ើបអង្កេតយូរទៀត ពីសាក្សី ដែលបានដឹងរឿងនេះ»។
កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្រុងសៀមរាប បន្ទាប់ពីនារីម្នាក់ ត្រូវបានឃាតកធ្វើឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃ ដោយបានល្បួងនារីរងគ្រោះ ចូលផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងសៀមរាប ហើយសម្លាប់ និង កាត់ក្បាលយកទៅបាត់។ ក្រោយពីបានទទួលព័ត៌មាន ដ៏សែនរន្ធត់នេះ កម្លាំងសមត្ថកិច្ចបានប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗ នៅល្ងាចថ្ងៃដដែលនោះ។
នារីរងគ្រោះមានឈ្មោះ ឡេន សិលា អាយុ ២៤ឆ្នាំ បម្រើការនៅភូមិវប្បធម៌ មានទីលំនៅក្នុងភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ។ ជនសង្ស័យមានឈ្មោះ ១. ឈ្មោះ ចាន់ ឆាយយ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ ជាមគ្គុទេសទេសចរណ៍ភាសាថៃ និង២. ឈ្មោះ ណឹប សិទ្ធិ ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាអ្នកបើករថយន្តឈ្មួល។ ដោយឡែកមួយតាមប្រភពព័ត៌មានមិនផ្លូវការមួយ បាននិយាយថា នារីរងគ្រោះមានផៃ្ទពោះ ៣ខែផងដែរ៕