(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការងនៃកងយោធពល ខេមរភូមិន្ទ (ខ.ភ.ម) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាយ-ពលទាហាន និងសិក្ខាកាមវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេសជំនាន់ទី២៥ មកពីទីបញ្ជាការដ្ឋានអង្គរក្ស, យោធភូមិភាគទី៣ និងបញ្ជាការទ័ពពិសេស (អតីតអង្គភាព៩១១) ប្រមាណ ៦០០នាក់ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ ខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានរំលឹកអំពីការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន បានតស៊ូរំដោះប្រទេស ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីឆ្នាំ១៩៧៩ ជាមួយឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូប ដែលបានពាលីជីវិត រហូតដល់មាននយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព ពេញលេញបរិបូរណ៍ រហូតដល់ពេលបច្ចុប្បន្ន ធ្វើឲ្យជីវភាពប្រជាជន មានការកើនឡើងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន, នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិទ្ធ ជូនដល់សិក្ខាកាម ដែលចូលរូមក្នុងវគ្គហ្វឹកហ្វឺននេះ ទាំងអស់គ្នាផងដែរ។
លើសពីនោះទៀត ឧត្តមសេនីយ៍ឯក ដួង ហេង បានលើកឡើងពីស្នាដៃរបស់នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ីង ប៊ុនហៀង អំពីការខិតខំប្រឹងប្រែង កសាងបន្ទាយទូលក្រសាំង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់មានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ ដែលក្នុងនោះ មានអគារ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងមានកងអក្សរក្សជាច្រើននាក់ ដើម្បីចូលរួមការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងរក្សាសន្ដិសុខសណ្ឋាប់ធ្នាប់នៅក្នុងសង្គម។
បន្ថែមពីនោះទៀត ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ឲ្យគោរពនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបន្ដគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីបន្ដទៀត ហើយត្រូវការពារសម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងក្រុមគ្រួសារទាំងមូលដោយមានការទទួលខុសត្រូវខ្ពស់។
ឧត្តមសេនីយ៍ឯក ដួង ហេង បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ សូមកុំឲ្យប្រព្រឹត្ដិអំពើខុសច្បាប់ និងមិនត្រូវការពារទៅលើជនណាដែល ខុសច្បាប់នោះឡើយ ហើយត្រូវចូលរួមការពារជាតិ កម្ចាត់ជនទុច្ចរិក ក្រុមបដិវត្ដពណ៌ ដែលចង់បំផ្លាញប្រទេសសុខសន្ដិភាព ហើយដាច់ខាតធ្វើយ៉ាងណា ត្រូវចូលរួមការពារសុខសន្ដិភាព ជូនប្រជាជន។
លោកឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានលើកឡើងថា ការអនុវត្ដច្បាប់ទៅលើអតីតអ្នកនយោបាយក្រុមប្រឆាំង ដោយសារតែពួកគាត់និយាយ ធ្វើឲ្យប៉ះពាល់សន្ដិសុខសង្គម ដូច្នេះបានបង្ហាញថាពួកគេមិនយល់ដឹងពីន័យ នយោបាយ និងផ្លូវច្បាប់រហូតមានការចាត់វិធានការជាបន្តបន្ទាប់យ៉ាងដូច្នេះ។
សូមជម្រាបផងដែរថា ក្នុងពិធីសំណេះសំណាល ជាមួយនាយ-ពលទាហាន និងសិក្ខាកាមវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេសជំនាន់ទី២៥ ខាងលើនេះ លោកឧត្តមសេនីយ៍ឯក ដួង ហេង បានចំណាយថវិកា ឧបត្ថម្ភជូនដល់សិក្ខាកាម និងការចំណាយផ្សេងៗ ចំនួន៤៦លាន៥សែនរៀល ដែលជាថវិការបស់នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ីង ប៊ុនហៀង៕