(បន្ទាយមានជ័យ)៖ លោក ខង សុខា ប្រធានក្រុមការងារយុវជនការពារសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យ រួមនឹងសប្បុរសជន បានចុះសាងសង់ផ្ទះមួយខ្នងជូនលោក យាយ យួន ឈួប មានជំងឺប្រចាំ មានកូន៧នាក់ (បែកគ្រួសារ ) គ្មានផ្ទះរស់នៅសព្វថ្ងៃរស់នៅជាមួយម្តាយអាយុ ៧២ឆ្នាំ នៅភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ការចុះជួយសាងសង់ផ្ទះខាងលើនោះដែរ បានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីសមាជិកក្រុមការងារយុវជនការពារសន្តិភាពប្រចាំខេត្ត អាជ្ញាធរ ស្រុក ឃុំ កងកម្លាំងប៉ុស្តិ៍ ប្រជាពលរដ្ឋ នៅមូលដ្ឋានបានចូលរួមផងដែរ។
លោក ខង សុខា បានឲ្យដឹងថា ដោយមើលឃើញពីទុកលំបាករបស់លោកយាយ យួន ឈួប មានជីវភាពខ្វះខាត គ្មានផ្ទះសំបែករស់នៅរួមទាំងមានជំងឺប្រចាំកាយផង ដែលសព្វថ្ងៃស់នៅជាមួយម្តាយជរា អាយុ៧២ឆ្នាំ ក្រុមការងារយុវជនការពារសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យ បានគៀងគរជាថវិកា និងសម្ភារៈ នឹងដោយមានការ ចូលរួមពីសប្បុរសជន បានទិញសម្ភារៈជួយសាងសង់ផ្ទះជូនលោកយាយឱ្យមានផ្ទះរស់នៅសមរម្យ។
លោកបានបញ្ជាក់ថា ការចុះជួយនេះដើម្បីជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងន័យលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឱ្យមានផ្ទះសំបែងរស់នៅសមរម្យ។
ក្នុងនាមប្រធានក្រុមការងារ យុវជនការពារសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យលោក ខង សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ សប្បុរសជន ដែលមានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត ជួយជាថវិកា និងសម្ភារៈសរុបថវិកាជាង១លានរៀល ជួយដល់លោកយាយដែលកំពុងជួបការលំបាកនេះផងដែរ៕