(ឧត្តរមានជ័យ)៖ ពលករខ្មែរប្រុស ស្រី ចំនួន១៧២នាក់ នៅព្រឹកថ្ងៃទី២១ខែ ធ្នូឆ្នាំ២០២០នេះ បានចាកចេញពីប្រទេសថៃ តាមច្រកអន្តជាតិអូរស្មាច់ត្រូវបានអាជ្ញាធរ ខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធដឹកតាមរថយន្តឱ្យទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅក្រុងសំរោង។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថា គិតត្រឹមម៉ោង១១៖០០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ពលករខ្មែរ ចំនួន១៧២នាក់ បានចាកចេញពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ហើយពលករទាំងអស់នោះ ត្រូវបានដឹកជញ្ជូនតាមរថយន្ត ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងក្រុងសំរោង។
លោក ឃ្លោក ហួត បន្ថែមថា នៅព្រឹកនេះដែរ សកម្មភាពរថយន្តដឹកជញ្ជូនពលករ ក្រោមការណែនាំរបស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានប្រើប្រាស់ រថយន្តរបស់តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន៤គ្រឿង និងរថយន្តរបស់ស្នងការដ្ឋានចំនួន១គ្រឿង ជាបណ្តោះអាសន្នសិន។ ស្របពេលរថយន្តរបស់កងទ័ពមកដល់ ចំនួន១៥គ្រឿង គឺឈប់ប្រើរថយន្តសឹករង និងរថយន្តស្នងការនគរបាលខេត្តហើយ។ ពេលនេះរថយន្តកងទ័ពដែលមកដល់គឺចំនួន៧គ្រឿង ត្រៀមចាំនៅមាត់ច្រកអូស្មាច់ និង៨គ្រឿងទៀតត្រៀមចាំនៅខាងក្រោម។
ក្នុងនាមលោក ប៉ែន កុសល្យ លោកប្រធានមន្ទីរសុខាភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ម៉ាស់ចំនួន ៤០ម៉ឺនម៉ាស់ សម្រាប់ចែកជូនពលករនៅមាត់ច្រក។ លោកបានថ្លែងបញ្ជាក់ថា ថ្ងៃម្សិលមិញនិងថ្ងៃនេះ គឺក្រុមការងារកំពុងខិតខំប្រឹងប្រែង រៀបចំពង្រីកមណ្ឌលចត្តាឡីស័ក បន្ថែមទៀតនៅតាមសាលារៀននានា លោកក៏ថ្លែងនូវការអរគុណដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានចូលរួមក្នុងសកម្មភាពនេះផងដែរ៕