(កំពង់ចាម)៖ ក្នុងជំនួបជាផ្លូវការរវាងលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវក្តីរំភើបស្ងប់ស្ងែង ចំពោះការអភិវឌ្ឍ និងការរីកចំរើនយ៉ាងឆាប់រហ័ស នៃខេត្តកំពង់ចាម ជាពិសេសក្រុងកំពង់ចាមតែម្តង។
បន្ទាប់ពីលោកអភិបាលខេត្តកំពង់ចាម រៀបរាប់អំពីសក្តានុពលខេត្ត លោក William Heidt បានកត់សំគាល់ឃើញអំពីការអភិវឌ្ឍផ្លូវ និងស្ពាន បរិស្ថានស្អាត និងភាពស៊ីវិល័យ នៃទីក្រុងកំពង់ចាម និងប្រជាពលរដ្ឋ ហើយបានលើកឡើងអំពីការពិនិត្យលទ្ធភាព នៃការជួយស្វែងរកដៃគូវិនិយោគ លើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ឱ្យមកធ្វើការវិនិយោគ ក្នុងខេត្តកំពង់ចាមក្នុងពេលឆាប់ៗខាងមុខនេះ។
លើសពីនេះទៀត ខណៈដែលរដ្ឋបាលខេត្តកំពង់ចាម កំពុងផ្តួចផ្តើមបង្កើតបណ្ណាល័យសាធារណៈមួយ ក្នុងក្រុងកំពង់ចាម លោកឯកអគ្គរដ្ឋទូតបាន ទទួលយកនូវសំណូមពរ អំពីលទ្ធភាពនៃជួយឧបត្ថម្ភធនធាន សម្ភារជាសៀវភៅ កុំព្យូទ័រ និងគ្រឿងសង្ហារឹមផ្សេងៗ តាមការស្នើសុំរបស់លោកអភិបាលខេត្ត។
នៅចុងបញ្ចប់នៃជំនួបប្រជុំនេះ លោកបានជម្រាបជូន លោកអភិបាលខេត្តថា លោកនឹងមកលេងខេត្តកំពង់ចាមម្តងទៀត ជាលក្ខណៈគ្រួសារក្នុងពេលឆាប់ៗខាងមុខនេះ៕
Posted by Fresh News Photo on Tuesday, February 16, 2016