(សៀមរាប)៖ ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ដែលចុះទស្សនកិច្ចនៅ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកជីវៈចម្រុះបានឱ្យដឹងថា ក្រុមការងារជំនាញគ្រោងនឹងបង្កើតសារមន្ទីរពិសោធន៍ ហើយនឹងរៀបចំបង្កើតជាធនាគារពូជកេសរកូលព្រៃកម្ពុជា ព្រមទាំងពូជរុក្ខជាតិផ្សេងៗ ឬអាចពិសោធន៍ពូជសត្វបន្ថែមទៀត ដើម្បីយកសំណាកជាដើម។
ការលើកឡើងបែបនេះ របស់លោកស្រី ចាន់ សុម៉ាលី បានធ្វើឡើងថា បន្ទាប់ពីបានឃើញ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ស្ថិតនៅជើងភ្នំគូលេន ស្រុកបន្ទាយស្ត្រី ខេត្តសរៀមរាប មន្ត្រីជំនាញបានប្រឹងប្រែងរកឃើញ និងបង្កាត់បានផ្កាកេសរកូលព្រៃ ឬផ្កាអ័រគីដេរ បានធ្វើការប្រមូលពូជកេសរកូលព្រៃពីតំបន់ភ្នំគូលែន ខេត្តកោះកុង ខេត្តកំពត ខេត្តមណ្ឌលលគិរី និងតំបន់ការពារធម្មជាតិផ្សេងទៀត ដោយកំណត់អត់បានអត្តសញ្ញាណចំនួន ១៧០ប្រភេទ ស្មើនឹងប្រមាណ៩០០ថូ ក្នុងចំណោមពូជកម្រ៥០០ ទៅ៧០០ប្រភេទ។
លោកស្រី ចាន់ សុម៉ាលី បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា៖ រក្សា និងស្ដារពូជកេសរកូលព្រៃ ក្នុងស្រុកប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្ត ពីកេសរកូលព្រៃ សម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម។
ជាមួយគ្នានេះដែរ លោកស្រីបានបន្តថា មជ្ឈមណ្ឌលនេះនឹងក្លាយជាជាមជ្ឈមណ្ឌលទី១ របស់កម្ពុជា សម្រាប់ការថែរក្សាការពារ អភិរក្សការពារ សង្គ្រោះ និងអភិរក្សប្រភេទកេសរកូលព្រៃ ដែលទទួលរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ និងការសិក្សាស្រាវជ្រាវបន្ត។ កេសរកូលទាំងអស់នេះ គឺយកមកពីតាមបណ្តាលខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដូចជា៖ នៅខេត្តមណ្ឌលគិរី, ខេត្តកោះកុង, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ ដែលត្រូវបានប្រផ្តុំនៅមជ្ឈមណ្ឌល ហើយកេសរកូលខ្លះ ជាប្រភេទជិតផុតពូជផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងគ្រោងនឹងមានរៀបចំជាមន្ទីរពិសោធន៍ ហើយនឹងរៀបចំជាបង្កើតជាធនាគារពូជកេសរកូល និងពូជរុក្ខជាតិផ្សេងៗ ឬអាចពូជសត្វបន្ថែមទៀតផងដែរ ហើយយើងគ្រោងនឹងការធ្វើសំណាក ដែលអីឡូវនេះវាជាសំណាករស់ បន្តិចទៀតយើងនឹងធ្វើសំណាកក្រៀម ដើម្បីដាក់តាំងនៅក្នុងអគារមួយដែលហៅថា (សិលាល័យ)»។
មន្ត្រីជំនាញរូបនេះ បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា ក្រុមអ្នកសិក្សាស្រាវជ្រាវធនធានធម្មជាតិ បានកត់ត្រាកេសរកូលនៅក្នុងដែនធម្មជាតិ បានចំនួនប្រមាណ ៣០០ប្រភេទ។
លោកស្រីបានបន្ថែមយ៉ាងដូច្នេះថា «នៅក្នុងនោះយើងបានសហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីស ប្រទេសបារាំង ដើម្បីឱ្យគាជួយកំណត់នូវអត្តសញ្ញាណ នៃប្រភេទពូជកេសរកូលព្រៃកម្ពុជារបស់យើង ដែលបច្ចុប្បន្ននេះ ក្រុមការប្រមូលបានចំនួន ៣០០០ដើម មកពី ៥តំបន់ ដោយឡែកនៅក្នុងនោះ យើងបានដឹងអត្តសញ្ញាណប្រភេទពូជកេសកូលព្រៃនេះ តែជាង១៧០ប្រភេទ តែប៉ុណ្ណោះ»។
លោកស្រី ចាន់ សុម៉ាលី បានបន្តថា តាមរយៈសមិទ្ធផលថ្មី និងគំរបកំហើយថ្មីនេះ ក្រុមការជំនាញរបស់ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» នឹងបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការស្រាវជ្រាវនេះបន្ថែមទៀត។ ព្រមត្រៀមនឹងចុះអនុស្សរណៈយោគយល់គ្នាមួយ ខ្យូហ្គាឌិន របស់ចក្រក្រភពអង់គ្លេស ដែលគ្រោងនឹងចុះហត្ថលេខានៅឆ្នាំ២០២១ ខាងមុខនេះ ជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នៃការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ទៅលើប្រភេទរុក្ខជាតិកេសរកូលព្រៃ នៅក្នុងប្រទេសកម្ពុជា៕