(សៀមរាប)៖ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងរៀបចំឱ្យមានការប្រឡងប្រណាំងផ្ទះស្អាតផ្ទះគំរូ ខាងមុខនេះ ខណៈផ្ទះអ្នកភូមិព្រះដាក់ បានកំពុងតែកា្លយជាភូមិគំរូ សម្រាប់ភូមិផ្សេងៗទៀត នៅក្នុងស្រុកបន្ទាយស្រី ដោយសារភូមិនេះមានសភាពស្អាត និងរៀបចំបានល្អជាពិសេសនោះនៅតាមដងផ្លូវ។
បើយើងធ្វើដំណើរដល់ភូមិព្រះដាក់នេះ យើងនឹងចាប់អារម្មណ៍ភ្លាម គឺបញ្ហាសំរាមដោយសង្កេតឃើញថា ស្ទើរគ្មានសំរាមនោះទេ ដោយសារប្រជាពលរដ្ឋមួយផ្ទះៗ បានដាក់ធុងសំរាមមុខផ្ទះរៀងរាងៗខ្លួន អ្វីដែលពិសេសនោះ គឺមានការដាំផ្កានៅពីមុខផ្ទះថែមទៀត។ ចំណែកនៅពេលយប់វិញភូមិនេះ មានភាពភ្លឺព្រោងព្រាតតែម្តង។
ពាក់ព័ន្ធនឹងភូមិគំរូនេះ ត្រូវបានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងយ៉ាងថា៖ «ស្រុកយើងជាស្រុកទេសចរណ៍ ដូច្នេះភាពស្អាត និងអនាម័យ គឺត្រូវដើរទន្ទឹមគ្នា ដើម្បីឱ្យអ្នកទេសចរយកទីនេះដើរលេងបាន»។
អភិបាលស្រុកវ័យក្មេង បានឱ្យដឹងថា ស្រុកបន្ទាយស្រី ដែលលោកគ្រប់គ្រង មានចំនួន ៣៦ភូមិ ហើយអ្វីដែលធ្វើឱ្យស្រុកបន្ទាយស្រី មានសភាពស្អាតគ្មានសំរាមនោះ គឺដោយសារមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងសកម្មភាពរបស់អាជ្ញាធរភូមិ-ឃុំ ក៏ដូចជា កម្លាំងយុវជនស្ម័គ្រចិត្ត ក្នុងការចុះណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីសារៈប្រយោជន៍នៃការសំអាតអនាម័យបរិស្ថាន ជាដើម។
លោក ឃីម ហ្វីណង់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅទីនេះ គឺយើងមាន៣៦ភូមិ មេភូមិនីមួយៗ គាត់កាព្វកិច្ចដឹកនាំក្នុងមួយខែត្រូវតែយកពេល ១ថ្ងៃ ធ្វើសកម្មភាពសម្អាតបរិស្ថាននៅក្នុងភូមិរបស់ពួកគាត់។ ដោយដឹងនាំកូនសិស្ស ប្រជាការពារ ប្រជាពលរដ្ឋរើសសំរាមតាមទីសារធាណៈ...! អីញ្ចឹង បើម្នាក់ៗ គិតថាមិនមែនសំរាមខ្លួននោះ សំរាមមិនដឹងទៅណាទេ ដូច្នេះ យើងមានយន្តការប្រចាំ»។
ជាមួយគ្នានេះដែរ លោកក៏បានលើកឡើងថា «ការរៀបចំភូមិនេះ បានធ្វើឱ្យមានទំនាក់ទំនងគ្នា រវាងភាពស្អាត និងតម្លៃផ្នែកសេដ្ឋកិច្ចដល់អ្នកភូមិ រហូតដល់ពេលនេះ មានរយៈពេលជិតមួយឆ្នាំហើយ។ នៅពេលខាងមុខនេះ នឹងមានការដាក់ការប្រឡងប្រណាំងផ្ទះស្អាតផងដែរ រហូតដល់ដាក់ការប្រណាំងផ្ទះស្អាត នៅក្នុងស្រុកបន្ទាយស្រីតែម្តង»។
យ៉ាងណាក្តី លោកអភិបាលស្រុក បានក៏បានអះអាងអ្វីៗដែលធ្វើ ទៅបានក៏មកពីក្រសួងបរិស្ថាន ហើយក្នុងនាមជាស្រុកទេសចរណ៍មួយនោះ រដ្ឋបាលស្រុក និងប្តេជ្ញានឹងបន្តធ្វើយ៉ាងណាឱ្យភាពស្អាតដល់គ្រប់ទីកន្លែងផងដែរ។
លោក ឃីម ហ្វីណង់ បានគូសបញ្ជាក់ថា៖ «ភូមិណា ក៏មានសក្តានុពលទេសចរណ៍ផងដែរ ឱ្យតែយើងរៀបចំបាន ដែលយើងហៅថាទេសចរណ៍ជនបទ, ទេសចរណ៍កសិកទេសចរណ៍, ទេសចរណ៍ដើរផ្សងព្រេងជាដើម។ ប៉ុន្តែ យើងទាមទារឱ្យមានភាពស្អាត និងមានស្តងដាខ្ពស់»។
បើតាមការបញ្ជាក់របស់លោកអភិបាលស្រុកវ័យក្មេងរូបនេះ បានឱ្យដឹងថារដ្ឋបាលស្រុក ក៏កំពុងតែមានយន្តការប្រមូលសំរាមពិសេសនោះ គឺការផាកពិន័យប្រជាពលរដ្ឋរូបណា ដែលមិនគោរពតាមការណែនាំរបស់រដ្ឋបាលស្រុក។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនអាចដើរប្រមូលសំរាម ដោយមិនគិតថ្លៃនោះទេ។ នៅភូមិព្រះដាក់ នេះរដ្ឋបាលស្រុកកំពុង ពិចារណ៍លើកគម្រោងសហគមន៍ស្វ័យគ្រប់គ្រង ដោយដាក់កម្មករដើរប្រមូលសំរាមដោយអ្នកភូមិផ្តល់ឱ្យអ្នកប្រមូលសំរាម»។
លោកបានលើកឡើងថា មកដល់ពេលនេះ មិនទាន់មានការយកថ្លៃពីការប្រមូលសំរាមនោះទេ ប៉ុន្តែ នៅពេលខាងមុខនឹងមានពិសេស ផ្តោតសំខាន់ លើអាជីវកនៅតាមផ្សារ ហើយនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ គឺត្រូវគិតតាមក្រោយ។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុកក៏បានបន្ថែមថា ក្នុងមួយថ្ងៃមិនទាន់ដឹងថាការប្រមូលសំរាម បានចំនួនប៉ុន្មាននោះទេ ប៉ុន្តែការដុតសំរាមវិញ គឺមួយថ្ងៃអស់ប្រមាណ១០ ទៅ ១៥តោន។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានគាំទ្រចំពោះសកម្មភាពសំអាតបរិស្ថាន នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលស្របគោលនយោបាយរបស់រដ្ឋាភិបាល ទៅឱ្យថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមកោតសសើរ ចំពោះរដ្ឋបាលស្រុកបន្ទាយស្រី ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមក្នុងការអនុវត្តគ្រប់គ្រងសំណល់រឹងបានល្អ រួមទាំងការតុបតែងធ្វើឱ្យមានសោភ័ណភាពគួរឱ្យទាក់ទាញ»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានលើកឡើងថា ក្រសួងបរិស្ថាន បានជួយដល់រដ្ឋបាលស្រុក មានទាំងសម្ភារ និងបច្ចេកទេស ក្នុងនោះគឺបានផ្តល់ឡដុតសំរាម និងរថយន្ត នៅក្នុងសហគមន៍ ដើម្បីឱ្យមានភាពងាយស្រួល។ ការធ្វើបែបនេះជាផ្នែកមួយពង្រឹង និងការទទួលខុសត្រូវពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹង និងសំរាមនានាជាដើម។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ដោយសារតែនៅស្រុកបន្ទាយស្រី មានការរៀបចំបរិស្ថានបានល្អ ក្រសួងបរិស្ថាន សូមលើកទឹកចិត្តបន្ថែមទៀត ចំពោះរដ្ឋបាលស្រុក ក៏ដូចជាប្រជាសហគមន៍ និងប្រជាពលរដ្ឋអនុវត្តបន្តទៀត។ លោកឱ្យដឹងថា ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ បានសម្រេចបញ្ចូលបញ្ហាទៅក្នុងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលនេះជាការពង្រឹងសមត្ថភាពអាជ្ញាធរផង និងការចូលរួមពីប្រជាពលរដ្ឋផង៕