(ប៉ៃលិន)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ចូលរួមគាំទ្រលោកស្រី បាន ស្រីមុំ ដែលទើបប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ អភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ការចូលរួមគាំទ្រលោកស្រី បាន ស្រមុំ ក្នុងឋានៈជាអភិបាលខេត្តប៉ៃលិននេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់លោកស្រី ដឹកនាំគណៈអភិបាលខេត្ត សំដៅជំរុញការអភិវឌ្ឍ ក្នុងខេត្តឲ្យកាន់តែរីកចម្រើន ក៏ដូចជាបន្ដចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងថែរក្សាសន្ដិភាពផងដែរ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលខិតខំរួមគ្នាជំរុញការអភិវឌ្ឍខេត្ត ឲ្យសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឲ្យមានការចម្លងជំងឺនេះ ក្នុងសហគមន៍ នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន។
សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី បាន ស្រីមុំ ដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន នាពេលនេះ និងសង្ឃឹមជឿជាក់ថាលោកស្រី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍខេត្តប៉ៃលិន ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ អភិបាលថ្មីរបស់ខេត្តប៉ៃលិន ក៏បានប្ដេជ្ញាចិត្តថា នឹងខិតខំបម្រើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិន ឲ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេសេសនឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនគ្រប់វិស័យ នៅក្នុងនឹងបរិបទថ្មី នៃការប្រឈមការរីករាលដាលជំងឺកូវីដ១៩នេះផងដែរ៕