Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបុរសម្នាក់តាមដីកាតុលាការ ពាក់ព័ន្ធករណី «ប៉ុនប៉ងឃាតកម្មគិតទុកជាមុន»

21-12-2020 14:33

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហុ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសរបស់អាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនបុរសម្នាក់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក ហុក ពៅ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ វ៉េង សុខុម អាយុ៣៦ឆ្នាំ ទីនៅបច្ចុប្បន្នភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួននៅចំណុចផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនត្រូវចោទ វ៉ែង សុខុម បានប្រព្រឹត្តអំពើល្មើស នៅចំណុចភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួន បានបញ្ជាក់ទៀតថា ជនត្រូវចោទត្រូវបានតុលាការ ចេញដីកាបង្គាប់ឲ្យចូលខ្លួនជាច្រើនលើករួចមកហើយ ប៉ុន្ដែជននេះរឹងរូសមិនព្រមចូលខ្លួនតាមដីកាបង្គាប់នោះទេ។ បច្ចុប្បន្នអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនត្រូវចោទនេះ ត្រូវកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕