(តាកែវ)៖ ការសាកសួរទៅលើបុគ្គលិកទូរទស្សន៍ហង្សមាស នៅសាលាដមបូងខេត្តតាកែវ បានបញ្ចប់ហើយ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ុន្តែទោះជាយ៉ាងណា លទ្ធផលគេនៅមិនទាន់ដឹងនៅឡើយទេ គ្រាន់តែដឹងថា នឹងមានការកោះហៅម្តងទៀត។
លោក ទឹត្យ ប៊ុនហេង ប្រធានគ្រប់គ្រងព័ត៌មានរាជធានី-ខេត្ត របស់ទូរទស្សន៍ហង្សមាស និងលោក ឈឿន បុត្រា អ្នកអត្ថាធិប្បាយព័ត៌មានពេលព្រឹក រួមនិងសហការីម្នាក់ទៀត ត្រូវបានតុលាការហៅឱ្យចូលមកបំភ្លឺ តាមពាក្យបណ្ដឹងរបស់លោក សុខ ឡេះ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គបុរី ដែលបានចោទប្រកាន់ថា ផ្សព្វផ្សាយព័ត៌មានមិនពិត។
ដីការកោះរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក ច្រឹង ខ្មៅ ដែលមានសសេរប៊ិចក្រហមបញ្ជាក់ពីក្រោមថា «កោះជាលើក២» ផងនោះ បានអញ្ជើញលោកនាយកព័ត៌មានទូរទស្សន៍ហង្សមាស ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរលើបណ្តឹងរបស់ លោក សុខ ឡេះ ដែលបានប្តឹងពីបទបរិហាកេរ្តិ៍ និងបទផ្សាយព័ត៌មានមិនពិត។
លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស បានថ្លែងប្រាប់ Fresh News ថា ការបំភ្លឺនេះ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានរឿងនេសាទ កាលពី៥ខែមុន។
បណ្តឹងចោទប្រកាន់របស់លោក សុខ ឡេះ បានធ្វើឡើងបន្ទាប់ពីទូរទស្សន៍ហង្សមាស បានផ្សាយថា លោក សុខ ឡេះ បានកាងជនជាតិវៀតណាម ឲ្យចូលធ្វើសកម្មភាពនេសាទខុសច្បាប់ តាមព្រំដែនទឹកក្នុងខេត្តតាកែវ។
សូមបញ្ជាក់ថា កន្លងមកលោកព្រះរាជអាជ្ញាអមសាដំបូងខេត្តតាកែវ ក៏បានចេញដីការកោះហៅអ្នកកាសែតរស្មីកម្ពុជា និង ទូរទស្សន៍អប្សរាផងដែរ ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺពាក់ព័ន្ធពាក្យបណ្ដឹងបរិហារកេរ្តិ៍លោក សុខ ឡេះ ពាក់ព័ន្ធការចោទប្រកាន់ថា មេបញ្ជាការអាវុធហត្ថរូបនេះ កាងជនជាតិវៀតណាម ឲ្យចូលធ្វើនេសាទខុសច្បាប់នៅលើផ្ទៃទឹកតាមបណ្ដោយព្រំដែនទឹកខេត្តតាកែវ និងខេត្តអាងយ៉ាងប្រទេសវៀតណាម ជាថ្នូរនិងប្រាក់មួយចំនួនធំ៕