(សៀមរាប)៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាទីតាំងប្រវត្តិសាស្រ្តដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្រ្តច្រើនប្រភេទមានដូចជា សំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ ប្រព័ន្ធទឹកធម្មជាតិ និងសហគមន៍។ យោងតាមការសិក្សាពីសិលាចារឹកស្តុកកក់ធំ ភ្នំគូលែន គឺជាអតីតរាជធានីបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សទី៩ ដោយមានឈ្មោះថា «មហេន្រ្ទបព៌ត»។
ភ្នំគូលែន គឺជាតំបន់ផ្តល់នូវប្រភពទឹកសម្រាប់ស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចិញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម។ យើងត្រូវតែការពារ ថែរក្សាបរិស្ថានធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅរបស់យើងទាំងអស់គ្នា។
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកសាប និងទឹក្រោមដីសម្រាប់ក្រុងសៀមរាប ជាពិសេសផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទបុរាណដែលភាគច្រើនសាងសង់លើទម្រដីខ្សាច់។
បើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង២០ស្ថាប័ន ចុះស្វែងយល់ពីការអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) និងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន តាមរយៈអ្នកសារព័ត៌មាន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ដើម្បីឱ្យមាននិរន្តរភាពសេវាកម្មប្រព័ន្ធអេកូឡូស៊ី នៅឧទ្យានជាតិភ្នំគូលែន ជាពិសេសទឹកដែលមានប្រភពពីភ្នំគូលែន ចាំបាច់ត្រូវការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីភ្នំគូលែន ដូចជាការទប់ស្កាត់ការបាត់បង់ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិដែលបាត់បង់ និងខូចមុខងារ ទប់ស្កាត់ការបំពុលទឹកក្នុងស្ទឹង និងទឹកក្រោមដី។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាក់ស្តែងទាំងម្ចាស់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋធម្មតារស់នៅក្នុងក្រុងសៀមរាបត្រូវពឹងផ្អែកលើទឹកក្រោមដីប្រមាណ ៨០% ហើយ ២០%ទៀតផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្ត ហើយការប្រើប្រាស់ទឹកក្រោមដីយ៉ាងខ្លាំងក្លាបែបនេះបានធ្វើឱ្យបរិមាណទឹកក្រោមដី ថយចុះ ដែលធ្វើឱ្យការជីកអណ្តូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែជ្រៅទៅៗ។ តាមជំនឿ ទឹកពីភ្នំគូលែន គឺជាទឹកអម្រឹត ហើយការសិក្សាបែបវិទ្យាសាស្ត្រមួយចំនួនក៏បានបង្ហាញថា ទឹកពីភ្នំគូលែន គឺជាទឹកដែលមានគុណភាពល្អសម្រាប់ប្រើប្រាស់របស់មនុស្សផងដែរ»។
លោក នេត្រ ភក្ត្រា បានបន្តថា ក្រសួងបរិស្ថាន និងអ្នកពាក់ពន្ធជាពិសេសថា្នក់ក្រោមជាតិដែលជាអ្នកអនុវត្ត PES ថ្នាក់ខេត្ត បានសម្រេចលើយន្តការនៃការអនុត្ត និងកៀរគរថវិកាដោយជ្រើសយកជម្រើសសមស្របដែលបានសម្រេចឱ្យអនុវត្ត PES នៅភ្នំគូលែន គឺទី១៖ ការរួមវិភាគទានដោយស្ម័គ្រចិត្តពីអ្នកប្រើប្រាស់ទឹកក្នុងបរិមាណច្រើន (អាជីវកម្ម), ទី២៖ ការបង់ព័ន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយ។
ទន្ទឹមនឹងនេះដែរ នេត្រ ភក្ត្រា បានឱ្យដឹងថា «តាមការវិភាគទានប៉ាន់ស្មានពីការអនុវត្ត PES សម្រាប់ឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ក្នុងខេត្តសៀមរាប ប្រសិនបើជម្រើសនៃការប្រមូលការបង់ថ្លៃអេកូឡូស៊ីខាងលើត្រូវបានអនុវត្តពេញលេញនោះ យើងអាចមានលទ្ធភាពប្រមូលថវិកាបានពី២,៩ ទៅ៣,៩លានដុល្លារ ក្នុង១ឆ្នាំ។ ថវិកាដែលប្រមូលបានពីការអនុវត្តសាកល្បង PES នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការថែរក្សា ការពារ និងស្តាមុខងារប្រព័ន្ធអេកូឡូស៊ីនៅតំបន់ដែលបានអនុវត្តដូចជា៖ ការការពារ និងស្តារព្រៃឈើនៅតំបន់ផ្ទៃរងទឹកភ្លៀង ឬទីជម្រាល ការស្តារប្រព័ន្ធផ្លូវទឹកធម្មជាតិដែលរងការខូចខាត ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់កម្រិតជីវៈភាពសហគមន៍ដែលជាអ្នកមានតួនាទីក្នុងការពារតំបន់ខ្សែទឹកខាងលើ»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ដើម្បីឱ្យមាននិរន្តរភាពសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅឧទ្យានជាតិភ្នំគូលែន ជាពិសេសទឹកដែលមានប្រភពពីភ្នំគូលែន ចាំបាច់ត្រូវការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីភ្នំគូលែន ដូចជាការទប់ស្កាត់ការបាត់បង់ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិដែលបាត់បង់ និងខូចមុខងារ ទប់ស្កាត់ការបំពុលទឹកក្នុងស្ទឹង និងទឹកក្រោមដី។
លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួួលបន្ទុកផ្នែកជីវៈចម្រុះ បានឱ្យដឹងថា ថវិកាដែលប្រមូលបានពីការអនុវត្តសាកល្បង PES នឹងត្រូវយកទីប្រើប្រាស់សម្រាប់ការថែរក្សាការពារ និងស្តារមុខងារប្រព័ន្ធអេកូឡូស៊ី នៅតំបន់ដែលបានអនុវត្តដូចជាការការពារ និងស្តារព្រៃឈើនៅតំបន់ផ្ទៃរងទឹកភ្លៀង ឬទីជម្រាល ការស្តារប្រព័ន្ធទឹកធម្មជាតិ ដែលរងការខូចខាត ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់កម្រិតជីវភាពសហគមន៍ ដែលជាអ្នកមានតួនាទីក្នុងការការពារតំបន់ខ្សែទឹកខាងលើ។
លោកស្រី ចាន់ សុម៉ាលី បានបន្តថា ធនធានធម្មជាតិ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍ និងចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមចំណែកពង្រឹងសុខមាលភាពរបស់មនុស្សជាតិនៅលើពិភពលោកផងដែរ។ ដូច្នេះ យន្តការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះ ជាផ្នែកមួយជួយសម្រួលដល់រាជរដ្ឋាភិបាល និងម្ចាស់ជំនួយនានា ដើម្បីយកថវិកាទាំងនេះ ទៅប្រើប្រាស់លើកិច្ចកាពារធនធានធម្មជាតិ និងចំណាយទៅលើការអនុវត្តសកម្មភាពនានាជាដើម ដើម្បីអនុវត្តឱ្យធនធានធម្មជាតិមាននិវន្តរភាពផងដែរ។
លោក សាឃឿន សក្តា មន្ត្រីមន្ទីរបរិស្ថាន បានបញ្ជាក់ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកសាប និងទឹក្រោមដីសម្រាប់ក្រុងសៀមរាប ជាពិសេសផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទបុរាណដែលភាគច្រើនសាងសង់លើទម្រដីខ្សាច់។ នៅឧទ្យានជាតិជ័យវរ្ម័ន-នរោត្តមភ្នំគូលែន មានផ្ទៃដីទំហំ ៣៧,៣៧៣ហិកតា មានប្រភពទឹកធំៗ ប្រមាណ ៥០កន្លែង និងមានអាងស្តុកទឹកធំៗជាង១០ ដែលមានទីតាំងនៅចំកណ្តាលខេត្តសៀមរាប និងមានតួនាទីជាអ្នកផ្គត់ផ្គង់ ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ដែលត្រូវបានអ្នកសៀមរាប នាំគ្នាហៅថាជាអាងទឹកធម្មជាតិមួយ ពីព្រោះនៅលើខ្នងភ្នំមានសសៃឈាម ទឹកហូរចេញចូលមានច្រើនអនេកទាំងរដូវប្រាំង និងវស្សា។
លោក សាឃឿន សក្តា បានបន្ថែមថា ខណៈនៅលើខ្នងភ្នំគូលែន គឺមានអាងទឹក និងទំបន់ទឹកបុរាណដែលមានទំហំជាង ១០០ហិកតា។ បើមើលតាមភូមិសាស្ត្រភ្នំគូលែន ស្ថិតនៅចំកណ្តាលបេះដូងខេត្តសៀមរាប អ្វីដែលកាន់តែពិសេសនោះ គឺទឹកហូរពីលើភ្នំចាក់ចូលក្នុងតំបន់អង្គរ ដែលមានបារាយណ៍ខាងលិចជាអ្នកស្តុកទឹកទុកប្រមាណ ១១១លានម៉ែត្រគូប សម្រាប់ឱ្យប្រជាកសិករប្រើប្រើស្រោចស្រពដំណាំផ្សេងៗ និងហូរចាកដល់បឹងទន្លេសាបផងដែរ។
បន្ថែមពីនេះលោកបានបញ្ជាក់ថា មានស្ទឹងចំនួន០៣ធំៗ ដែលបានហូរចេញពីភ្នំគូលែន សម្រាប់ចែកចាយទឹក គឺមានស្ទឹងរលួស ស្ថិតនៅខាងកើតខេត្ត, ស្ទឹងសៀមរាប ស្ថិតនៅផ្នែកកណ្តាលខេត្ត និងស្ទឹងពួក ស្ថិតនៅខាងលិចខេត្តជាដើម។ ក្រៅពីប្រភពទឹកតំបន់ភ្នំគូលែន គឺសំបូរទៅដោយតំបន់បេតិកភណ្ឌដែលមានប្រាង្គប្រាសាទជាង៤០ប្រាសាទ ព្រមទាំងប្រាង្គប្រាសាទមួយចំនួនទៀត ដែលក្រុមការជំនាញមិនទានត់រកឃើញជាដើម៕