Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការសម្រេច ប្រកាសសាលក្រមលើសំណុំរឿង២ករណីរបស់ទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធបំភ្លៃព័ត៌មានការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារ នៅបំណាច់ឆ្នាំនេះ (Video inside)

21-12-2020 13:02

(ភ្នំពេញ)៖ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយសវនាការបាន បញ្ចប់នៅព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកយកទៅប្រកាសសាលក្រម លើសំណុំរឿងរបស់ទណ្ឌិត សម រង្ស៉ី ដែលបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារជាដើម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់២ករណីរបស់ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់។ ក្នុងសវនាការនេះមាន លោក សេង ហៀង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។

មន្រ្តីតុលាការ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សំណុំរឿង ២ករណីរបស់ លោក សម រង្ស៉ី ដែលតុលាការជំនុំជម្រះថ្ងៃនេះ គឺពាក់ព័ន្ធនឹង ករណីដែលលោក សម រង្ស៉ី បំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីដែល លោក សម រង្ស៉ី ញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារជាដើម។

ទន្ទឹមនឹងការមានសំណុំរឿងស្អេកស្កះនៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ លោក សម រង្ស៉ី ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ផងដែរ តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕