សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំញុះញង់ ២ករណី របស់ ទណ្ឌិត សម រង្ស៉ី (Video inside)
21-12-2020 10:31
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់២ករណីរបស់ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់។
ក្នុងសវនាការនេះមាន លោក សេង ហៀង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។
មន្រ្តីតុលាការ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សំណុំរឿង ២ករណីរបស់ លោក សម រង្ស៉ី ដែលតុលាការជំនុំជម្រះថ្ងៃនេះ គឺពាក់ព័ន្ធនឹង ករណីដែលលោក សម រង្ស៉ី បំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីដែល លោក សម រង្ស៉ី ញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារជាដើម។
ទន្ទឹមនឹងការមានសំណុំរឿងស្អេកស្កះនៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ លោក សម រង្ស៉ី ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ផងដែរ តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕